ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពេលជិះម៉ូតូលឿនជ្រុលទៅបុកឡំប្រឺតាបើកទិសដៅបញ្ច្រាសគ្នាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្ដម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ ផ្លាក់លេខ ភ្នំពេញ 1LY-4831 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូង លុះបើកមកដល់ត្រង់ចំណុចស្តុកផ្លូវបំបែកជាបួនបម្រុងបួងចង្កូតបតឆ្វេងស្របពេលមានយុវជនរងគ្រោះម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ ផ្លាកលេខ ភ្នំពេញ 1AU-3871 ធ្វើដំណើរទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលទៅបុកឡំប្រឺតាចំពីមុខចំហៀងខាងឆ្វេងយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលអូសបោកក្បាលនៅនឹងផ្លូវស្លាប់ភ្លាមៗ ចំណែកឯម្ចាស់ឡំប្រឺតាបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយកឡំប្រឺតានិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ និងទាក់ទងប្រគល់ឲ្យទៅក្រុមគ្រួសារយកទទួលបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច