ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ត១គ្រឿងបែកកង់ ចតលើចិញ្ចើមផ្លូវ ត្រូវស្រ្តី២នាក់ ជិះម៉ូតូ ទៅបុកពីក្រោយស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ស្ត្រី២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈជិះម៉ូតូយ៉ាងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុក គោយន្តច្នៃបែកកងចតលើចិញ្ចើមផ្លូវ ចំពីក្រោយ រីឯម្ចាស់គោយន្តបាន រត់គេចខ្លួនក្រោយពេកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ស្ត្រីរងគ្រោះទាំង២នាក់ ដែលស្លាប់ ទី១ ឈ្មោះ ស្រី យ៉ា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូស៊ីសា និងទី២ ឈ្មោះស្រី ពេជ្រ អាយុ១៨ឆ្នាំ បុគ្គលិកកាស៊ីណូស៊ីសា ទាំងពីរនាក់រស់នៅជាមួយគ្នា ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិះម៉ូតូម៉ាក Honda Dream C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ បាត់ដំបង1K-5145។ ចំណែកម្ចាស់គោយន្ត បានរត់គេចខ្លួន បាត់ បន្ទាប់ពីហេតុការណ៍បានកើតឡើង។

តាមប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះទាំង ២នាក់ខាងលើបានជិះម៉ូតូឌុបគ្នា ចេញពីក្រុងប៉ៃលិនទៅភូមិផ្សារព្រំ ពីកើតទៅលិច។ លុះដល់កន្លែងកើតហេតុ ស្រ្តីរងគ្រោះបើកក្នុងល្បឿនលឿន ស្រាប់តែបុកមែកឈើ និងការុងស ដែលម្ចាស់គោយន្តបានដាក់សញ្ញា រួចក៏ទៅបុកគូទគោយន្តច្នៃ ចំពីក្រោយពេញទំហឹង ដោយបោកក្បាលនឹងដែកគោយន្ត និងបន្តបោកក្បាលលើថ្នល់ បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗតែម្តង។ រីឯម្ចាស់គោយន្ត នៅពេលឃើញហេតុការណ៍ ដូច្នេះ ក៏រត់គេចខ្លួនបាត់។

បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី។ ចំណែកគោយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការខេត្តប៉ៃលិន កសាងសំណុំរឿង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ស សារ៉េត

8 1 2 3 4 5 6 7


ចែករំលែក៖