ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងកាងសិប្បកម្មកែច្នៃឈើខុសច្បាប់

ចែករំលែក៖

ក្រោយការកែទម្រង់ឲ្យរដ្ឋបាលព្រៃឈើមកស្ថិតនៅក្រោមមន្ទីរកសិកម្មវិញនោះ ក្រុមមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងរាយការណ៍ថា ប្រធានមន្ទីរកសិកម្មមានពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងសិប្បកម្មកែច្នៃឈើខុសច្បាប់ច្រើនកន្លែងនៅក្នុងខេត្តនេះ ។ រោងសិប្បកម្មកែច្នៃឈើប្រណីតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បាននិងកំពុងដំណើរការដោយគ្មានច្បាប់ទម្លាប់ ក្រោមការកាងរបស់លោកប្រធានមន្ទីរកសិកម្ម ។

ប្រភពពីមន្ត្រីនៃមន្ទីរកសិកម្មអះអាងថា នៅក្នុងសង្កាត់ចំការសំរោង ម្ចាស់សិប្បកម្មដែលមានឪពុកឈ្មោះ សៀ និងកូន ឈ្មោះ អូន បានបើកដំណើរការជាយូរឆ្នាំណាស់មកហើយ ដោយប្រើឧបករណ៍ដែលច្បាប់ហាមឃាត់ទៀតផង ។ គេនិយាយថា លោកលី ជូបៀង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងជាខ្នងបង្អែកសិប្បកម្មកែច្នៃឈើប្រណីតខុសច្បាប់នោះ ទើបបានជាអាចដំណើរការជាយូរឆ្នាំយ៉ាងដូច្នេះ ។ មន្ត្រីរដ្ឋបាលព្រៃឈើខ្លាចរអារផង មានការយោគយល់ផង ចំពោះសិប្បកម្មកែច្នៃឈើមួយកន្លែងនេះ ពីព្រោះខ្លាចអំណាចលោកប្រធានមន្ទីរផងដែរ ។

កន្លងមកមន្ត្រីរដ្ឋបាលព្រៃឈើ ទទួលរងនូវការរិះគន់ពីការមិនបង្ក្រាបបទល្មើស ។ ប៉ុន្តែពួកមន្ត្រីទាំងនោះអះអាងថា រាល់សកម្មភាពទាំងអស់ ទាំងការដឹកជញ្ជូនឈើ ទាំងរោងសិប្បកម្មកែច្នៃឈើប្រណីត ស្ថិតនៅក្រោមអំណាចរបស់លោកប្រធានមន្ទីរកសិកម្មទាំងអស់ ។ គេនិយាយថា អ្នកដែលទទួលខុសត្រូវចំពោះបទល្មើសនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង គឺលោក លី ជូបៀង ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ហើយមិនតែប៉ុណ្ណោះ សូម្បីតែត្រារបស់ខណ្ឌរដ្ឋបាលព្រៃឈើ ក៏លោកជាអ្នកគ្រប់គ្រងដែរ ៕

untitled-1


ចែករំលែក៖