ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលស្រុកអូរជ្រៅចាប់រថយន្តដឹកសំពីងសំពោង

ចែករំលែក៖

ប៉ោយប៉ែត:កម្លាំងចរាចរណ៍នគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ស្រុកអូរជ្រៅកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះចាប់រថយន្តដឹកទំនិញសំពីងសំពោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តសរុប៣៤គ្រឿង, ម៉ូតូ២គ្រឿង ព្រមទាំងផាកពិន័យរថយន្ត២២ គ្រឿងផងដែរ ។
ការចុះពិនិត្យរថយន្តដែលដឹកសំពីងសំពោងនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសអប់រំដល់អ្នកបើកបររថយន្តតាក់ស៊ី សូមឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ក្នុងពេលធ្វើដំណើរដែលផ្ទុកមនុស្សក្នុងរថយន្តរបស់ខ្លួនលើសចំណុះ ។
លោកវរសេនីយ៍ទោ អ៊ុំ សុផល ស្នងការរង និងជាប្រធានការិយាល័យកណ្ដាលសណ្ដាប់ធ្នាប់បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ លោកនឹងដឹកនាំកម្លាំងចុះពិនិត្យ ការបើកបររថយន្តនៅគ្រប់ផ្លូវជាតិ មិនថា តែផ្លូវពីក្រុងសេរីសោភណ្ឌ មកដល់ក្រុងប៉ោយប៉ែតនោះទេ គឺនៅគ្រប់ចំណុចភូមិសាស្ត្រទាំងអស់ ក្នុងន័យចុះ ពង្រឹង‌ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការសម្រប‌សម្រួល‌ពីលោកព្រះរាជអាជ្ញា
អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

លោកស្នងការ‌រងបានសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសប្អូនៗយុវជន សូមគោរពច្បាប់‌ចរាចរណ៍‌ ពីព្រោះរដូវកាលនេះ ជារដូវមានពិធីច្រើន យុវជនប្រើប្រាស់នូវជាតិស្រវឹង ដែលបណ្ដាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពី‌ការមិនគោរពច្បាប់ចរាចរណ៍ ដូច្នេះសូមយើងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕ វណ្ណា

 

6 1 2 3 4 5


ចែករំលែក៖