ព័ត៌មានទាន់ហេតុការណ៍៖

អតីតទណ្ឌិតធ្វើសកម្មភាពវាយកម្ទេចសម្ភារៈប្រើប្រាស់និងគំរាមសម្លាប់អ្នកជិតខាង

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ដែលគេដឹងថា ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២លើកទៅហើយនោះ បានធ្វើសកម្មភាពវាយកម្ទេចសម្ភារៈប្រើប្រាស់ និងគំរាមសម្លាប់អ្នកជិតខាង ក៏ត្រូវសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ករណីវាយបំផ្លាញសម្ភារៈប្រើប្រាស់ និងគំរាមសម្លាប់អ្នកជិតខាងនេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីម ជីម ហៅមាំង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួលត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២លើក លើកទី១-ជាប់ពន្ធនាគាររយៈពេលពី១៣ខែពីបទលួច លើកទី២-ជាប់ពន្ធនាគារពីបទលួច(លួចអាវុធរបស់ប៉ុស្តិ៍ដំណាក់អំពិល)រយៈពេល១៨ខែ ។ ជនរងគ្រោះឈ្មោះ រ៉េត ជា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខែ្មរ អតីតមន្ត្រីនគរបាល មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យមានសភាពស្រវឹងស្រាបានឈរស្រែឡូឡាជេរប្រមាថ ទៅលើជនរងគ្រោះដែលជាអ្នកជិតខាងគ្នា ។ ក្រោយពីឡូឡាជនសង្ស័យនៅតែមិនអស់ចិត្តក៏ចូលទៅក្នុងផ្ទះជនរងគ្រោះវាយបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួនដូចជា៖ ធុងចំរុះទឹកស្អាត ,ជើងទម្រចំរុះទឹកស្អាត ,ចាន-ស្លាបព្រាបាយ និងសម្ភារៈមួយចំនួនទៀតបែកខ្ទេចខ្ទីគ្មានសល់ ទើបនៅព្រឹកថ្ងៃទី១២ ខែ/ឆ្នាំដដែលជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលជួយអន្តរាគមន៍តែម្តង ។

ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពជេរប្រមាថ គំរាមសម្លាប់ និងវាយសម្ភារៈប្រើប្រាស់របស់ជនរងគ្រោះប្រាកដមែន ។ ជនសង្ស័យបានបន្តថា កន្លងមកខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀនជាញឹកញាប់ផងដែរ ៕ស្អាងជ័យ

as-2 as as-1


ចែករំលែក៖