ខេត្តពោធិសាត់៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តពោធិសាត់សហការជាមួយកម្លាំងក្រុមការងារស្រាវជ្រាវព័ត៍មាន និងបង្ក្រាបទល្មើសព្រៃឈើនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់ក្នុងបទល្មើសដឹកជញ្ជូនជាក់ស្តែងឈើរាជថ្កុលមួយរថយន្តយីឌុប កាលពីវេលាម៉ោង២២និង៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចស្រុកក្រគរ ខេត្តពោធិសាត់នោះរួចមក នាវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦សមត្ថកិច្ចដដែលបានបន្តការងារយ៉ាងសកម្មឈានដល់ការរកឃើញពេញមួយរថយន្តយីឌុបមួយគ្រឿងទៀត ដែលពួកឈ្មួញយកមកលាក់ទុកនៅចំណុច ភូមិចិនយំ ឃុំ-ស្រុកវាលវែង ខេត្តពោធិសាត់។
ករណីឃាត់រថយន្តផ្ទុកឈើល្មើសច្បាប់នេះកម្លាំងកងរាជអាវុធហត្ថស្រុកវាលវែងបានសហការជាមួយកម្លាំងក្រុមការងារស្រាវជ្រាវព័ត៍មាន និងបង្ក្រាបទល្មើសព្រៃឈើនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយឡែកអ្នកបើកបរ និងឈ្មួញបានរត់គេចខ្លួន ដែលគេសង្ស័យថា ក្រុមពួកនេះដឹងមុនឬដៃជើងពីសមត្ថកិច្ចខ្លះរាយការណ៍ជុំវិញថាមានកម្លាំងកងរាជអាវុធហត្ថចុះមកបង្ក្រាប ទើបគេយកមកលាក់ទុក រួចនាំគ្នាគេចខ្លួនដោយសុវត្ថិភាព។
មតិមហាជនសង្ឃឹមថាខាងសមត្ថកិច្ចនឹងបន្តនីតិវិធីស្វែងរកចាប់ខ្លួនមេឈ្មួញទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះឈើនេះជាឈើកម្រនិងច្បាប់ហាមឃាត់មិនអោយដឹកជញ្ជូននិងត្រូវរក្សាការពារនោះ ពិសេសឈ្មោះ ង៉ោ ម៉ៅ មេក្លោងធំបំផុតក្នុងការជួលប្រជាពលរដ្ឋអារផ្តួលរលំឈើប្រភេទនេះដើម្បីដឹកជញ្ជូនទៅទីផ្សារងងឹតប្រទេសវៀតាម៕ សុខ ខេមរា