ខេត្តកណ្ដាលៈ ក្រោយពីមានសិស្សសាលាជាច្រើនរយនាក់រៀននៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ត្រើយស្លា ផ្ទុះការតវ៉ាមិនព្រមចូលរៀនដោយចោទប្រកាន់ថា លោក សុខ ពៅ ជានាយកសាលាប្រព្រឹត្ដិអំពើពុករលួយរួចមក នៅចុងសប្ដាហ៍កន្លងទៅនេះ លោក សុខ ពៅ បានប្រមូលលុយដែលយកពីសិស្សថាដាក់កង្ហាក្នុងបន្ទប់រៀននោះទៅចែកជូនកូនសិស្សវិញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ សិស្សសាលាវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ត្រើយស្លា ប្រមាណ៣០០នាក់រៀននៅថ្នាក់ទី១០,១១និងទី១២ បានប្រមូលផ្ដុំគ្នាមិនព្រមចូលរៀនឈរតវ៉ានៅខាងក្រៅរបងសាលា ដោយចោទប្រកាន់ថា លោកសុខពៅជានាយកសាលាបានប្រព្រឹត្ដិអំពើពុករលួយកឹបកេងលុយពីសិស្សជាច្រើនម៉ឺនរៀលក្នុងមួយខែៗ ។
សិស្សវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ត្រើយស្លា និយាយថា លោកនាយកសាលាបានប្រមូលលុយពីសិស្សម្នាក់ៗមួយម៉ឺនរឿលដើម្បីដាក់កង្ហានៅក្នុងបន្ទប់រៀន ក្រោយពីប្រមូលលុយរួចមកមិនឃើញយកកង្ហាទៅដាក់សោះ ។ ក្រៅពីលុយដាក់កង្ហាលោកនាយកសាលារូបនេះបានតម្រូវឲ្យសិស្សានុសិស្សបង់លុយម៉ោងកីឡាម្នាក់ៗចំនួន៥០០រៀលក្នុងមួយខែ ,តម្រូវឲ្យសិស្សបង់លុយម៉ោងពលកម្មកសិកម្មម្នាក់ៗ២០០០រៀលក្នុងមួយខែ ,តម្រូវឲ្យសិស្សានុសិស្សបង់លុយថ្លៃទិញពាក្យចូលរៀនចំនួន២៥០០រៀលក្នុងម្នាក់ៗ ,តម្រូវឲ្យសិស្សដែលមិនគោរពបទបញ្ជាផ្ទៃក្នុងបង់លុយ១០០០ទៅ២០០០រៀល ,តម្រូវឲ្យសិស្សានុសិស្សណារៀនខ្សោយបង់លុយចំនួន១០ទៅ២០ដុល្លារដើម្បីបន្ថែមពិន្ទុ និងតម្រូវឲ្យសិស្សានុសិស្សបង់លុយចំនួន២០០០រៀលក្នុងម្នាក់ៗពេលខ្ចីសៀវភៅពុម្ពយកទៅសិក្សា ។
ក្រោយពីមានការតវ៉ានិងលើកបញ្ហាប្រឈមខាងលើនេះ ខាងការិយាល័យអប់រំស្រុកបានចុះទៅសម្របសម្រួល ទើបសិស្សានុសិស្សព្រមចូលរៀនវិញដើម្បីរងចាំដំណោះស្រាយជាបន្ដបន្ទាប់ រហូតដល់ចុងសប្ដាហ៍កន្លងទៅនេះទើបលោក សុខ ពៅ ប្រមូលលុយដែលយកពីសិស្សថ្លៃដាក់កង្ហាទៅឲ្យសិស្សវិញក្នុងម្នាក់ៗ១ម៉ឺនរៀល ។ ដោយឡែកបញ្ហាប្រឈមមួយចំនួនទៀតត្រូវបានលោក សុខ ពៅ សម្របសម្រួលជាមួយសិស្សបន្ដទៀត ។
ទោះជាមានការសម្របសម្រួលយ៉ាងណាក្ដី ក៏សិស្សានុសិស្សនៅតែមិនពេញចិត្ដទទួលយកលោកនាយកសាលាដែលប្រព្រិត្ដិអំពើពុករលួយដូចជាលោក សុខ ពៅ ។ សិស្សានុសិស្សសំណូមពរដល់ក្រសួងអប់រំ យុវជននិងកីឡាមេត្ដាពិនិត្យនិងធ្វើការផ្លាស់ប្ដូរនាយកសាលាខាងលើនេះចេញដោយដាក់អ្នកថ្មីជំនួសវិញ ៕ស្អាងជ័យ