ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តស្វាយរៀងចុះបង្ក្រាបជនជួញដូរគ្រឿងញៀននៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប និងក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តស្វាយរៀងបង្ក្រាប ក្រោមការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត ទទួលផែនស្រាវជ្រាវ និងយុត្តិធម៌នៅម៉ោងប្រមាណ១២និង១៥នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តៀងរាយ ស្រុកស្វាយទាប និងនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមមន្ត្រីអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ត្រូវបានបង្ក្រាបបាននៅចំណុចភូមិកណ្តៀងរាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយបានចុះមកឆែកឆេរនៅផ្ទះជនសង្ស័យនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងបន្តទៀត។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀន និងសម្ភារៈមួយចំនួនផងដែរ។ ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនទី១ ឈ្មោះ យ៉ា រ៉ាមី ភេទប្រុស អាយុប្រមាណជាង៣០ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង បានធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅឃុំកណ្តៀងរាយ និងទី២ឈ្មោះសោម សុភាព ភេទប្រុស អាយុជាង៣០ឆ្នាំ ដូចគ្នារស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ និង៣នាក់ទៀត ជាបក្ខពួកមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្នជនសង្ស័យទាំងប្រាំនាក់ និងវត្ថុតាងកំពុងធ្វើការសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៕ យឹម សុថាន

se-3 se se-1 se-2


ចែករំលែក៖