ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រណ្តៅខ្សាច់ដូចរន្ធបាយខ្ញុំ នៅស្រុកគិរីវង់

ចែករំលែក៖

ប្រជាពលរដ្ឋស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា នៅក្នុងភូមិ-ឃុំ របស់ពួកគាត់ គឺមានរណ្តៅជីកយកខ្សាច់ភ្នំយ៉ាងច្រើន ស្ទើរពាសពេញជើងភ្នំទាំងមូល។ ប្រភពដដែលបានបញ្ជាក់ថា ការជីកយកខ្សាច់នៅក្នុងមូលដ្ឋានរបស់ពួកគាត់មិនត្រឹមតែធ្វើឲ្យប៉ះពាល់បរិស្ថានរស់នៅនោះទេ តែអាជីវកម្មខ្សាច់ក៏ទំនងជាពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ ហើយអាជ្ញាធរមូលដ្ឋានក៏មិនហ៊ានសួរនាំក្រុមឈ្មួញជីកខ្សាច់ឡើយ។

លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ រងការិះគន់ ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងស្រង់ និងភូមិពោធិ៍រោង ដែលស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ថាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានឡើយ។ ប្រភពដដែលបានបញ្ជាក់ថា បើទោះជាអាជីវកម្មមានច្បាប់ ក៏ត្រូវគិតដល់បញ្ហាបរិស្ថានដែរព្រោះច្បាប់មន្រ្តីជំនាញចេះតែអនុញ្ញាតច្បាប់ឲ្យហើយ តែជាក់ស្តែងច្បាប់ដែលអនុញ្ញាតឲ្យនោះត្រឹមត្រូវឬទេ ឬមានការឃុបឃិតគ្នាហើយយកច្បាប់មកបិទបាំង។

ប្រជាពលរដ្ឋស្រុកគិរីវង់ បានរៀបរាប់ថាស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ មានរណ្តៅជីកយកខ្សាច់នៅតាមជើងភ្នំ។ ចំណែកនៅខាងលើចង្កេះភ្នំ មានប្រាសាទចំនួន២គឺប្រាសាទនាងសក់ក្រអូប១ និងប្រាសាទតាញ្ញាណ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរដូនតាជំនាន់ដើម បានកសាងបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ ដូចនេះមិនគួរធ្វើអាជីវកម្មអ្វីដែលប៉ះពាល់ដល់តម្លៃបរិស្ថាននិងវប្បធម៌ជាតិឡើយ ៕

img_1362


ចែករំលែក៖