ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានប្រកាសចាត់វិធានការ បង្ក្រាបឲ្យខាងតែបានបទល្មើសនេសាទ ត្រីទាំងឡាយណា ដែលប្រឆាំងតបតនឹង សមត្ថកិច្ចនៅផ្ទៃបឹងទន្លេសាប ហើយត្រូវស្រាវជ្រាវរកមេខ្លោងបទល្មើស នេសាទត្រីបញ្ជូនទៅតុលាការ។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារ ចម្រុះបង្ក្រាបបទល្មើសនេសាទកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មហាផ្ទៃសម្តេចក្រឡាហោមបានថ្លែងថា នឹងបង្កើនការចាត់វិធានការបង្ក្រាបបទ ល្មើសនេសាទខុសច្បាប់នៅតាមបឹងទន្លេសាបឲ្យមានការធ្លាក់ចុះខ្លាំងបើទោះការ បង្ក្រាបនោះកន្លងមកបានរងការប្រឆាំង តបត និងមានការព័ទ្ធវាយប្រហារពីបណ្តាជនល្មើសនេសាទមកលើក្រុមសមត្ថកិច្ចយ៉ាងណាក៏ដោយ ។
សម្តេចក្រឡាហោម ស ខេង បន្តថា ការ ពង្រឹងវិធានការបង្ក្រាបបទល្មើសនេសាទនោះបានពឹងផ្អែកលើប្រតិបត្តិករដែលមានស្រាប់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប និងបន្ថែមក្រុមអន្តរាគមន៍ ពិសេស មួយចុះទៅបង្ក្រាបឲ្យជាប់ជាប្រចាំដូចភ្លៀង រលឹម ហើយលទ្ធផលនៃការបង្ក្រាបនឹងត្រូវប្រជុំបូកសរុបការងាររៀងរាល់២សប្ដាហ៍ម្ដង រហូតដល់បទល្មើសនោះមានការធ្លាក់ចុះ។
សម្តេចក្រឡាហោមបន្ថែមថា នៅក្នុង ដំណើរការចុះប្រតិបត្តិការបង្ក្រាបបទល្មើស នេសាទនោះសម្តេចបានព្រមានចាត់វិធានការចំពោះមន្ត្រីណាដែលធ្វើជាខ្នងបង្អែក ឲ្យពួកជនល្មើសនិងតាមស្វែងរកតាមឃាត់ ខ្លួនដង្ខៅឡូដែលធ្វើជាមេខ្លោងបទល្មើសនេសាទបញ្ជូនទៅតុលាការ ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានស្នើសុំឲ្យក្រុមប្រតិបត្តិការចុះបង្ក្រាបបទល្មើស នេសាទនៅត្រង់កន្លែងធំៗដូចជាបទល្មើស នេសាទអនាធិបតេយ្យនៅក្នុងបឹងទន្លេ សាបនៃខេត្តកំពង់ឆ្នាំងមួយចំនួននៅខេត្តកំពង់ធំ តំបន់ឆ្នុកទ្រូ និងតំបន់កំពង់ហ្លួង ជាដើម ។
លោករដ្ឋមន្ត្រីបន្តថា ក្នុងចំណាត់ការ កន្លងមកគណៈបញ្ជាការកងឯកភាពនៅតាមខេត្តជុំវិញបឹងទន្លេសាប និងកងកម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបជាប់ជា ប្រចាំហើយបញ្ហាប្រឈមនៃការបង្ក្រាបនោះធ្វើឡើងដូចវែកចក ពោលគឺសមត្ថកិច្ច ចុះបង្ក្រាបពេលថ្ងៃជនល្មើសចុះនេសាទនៅពេលយប់ហើយឧបករណ៍ដែលគេប្រើប្រាស់នេសាទមានដូចជា ស្បៃអួន ស្បៃ មុង សៃយឺុន លប ណរ៉ាវប្រភេទធំដែល ធ្វើឲ្យបាត់ពូជត្រី និងកូនរាប់លានក្បាល៕ ហេង សូរិយា