ខេត្តកំពង់ធំ ៖ អតីតទណ្ឌិតនៅពន្ធនាគារ ខេត្តកំពង់ធំបាននិយាយថា ពន្ធនាគារខេត្ត មួយនេះពុំមែនជាកន្លែងកែប្រែមនុស្សទេ ផ្ទុយទៅវិញជាកន្លែងមួយប្រៀបដូចឋាន នរកទៅវិញ។ មានបញ្ហាជាច្រើនដែលបង្កឡើងដោយអនុប្រធានការិយាល័យម្នាក់នៅទីនោះរួមមានការរំលោភផ្លូវភេទ អ្នក ជាប់ឃុំបុរស ប្រើប្រាស់អំពើហិង្សាលើអ្នក ទោស និងប្រព្រឹត្តអំពើពុករលួយជាដើម។ រីឯអនុប្រធានការិយាល័យពន្ធនាគារខេត្តកំពង់ធំបានច្រានចោលការចោទប្រកាន់ទាំងនេះដោយថាជាការបង្ខូចកិត្តិយសរូបគេប៉ុណ្ណោះ ។
អតីតទណ្ឌិតជាប់ពន្ធនាគារនៅខេត្ត កំពង់ធំស្នើឱ្យក្រសួងមហាផ្ទៃ ពិសេសមន្ត្រីពាក់ព័ន្ធគប្បីត្រួតពិនិត្យពន្ធនាគារខេត្តនេះឱ្យបានត្រឹមត្រូវជៀសវាងធ្វើឱ្យអ្នកជាប់ឃុំត្រូវរស់នៅក្នុងស្ថានភាពវេទនានិងមិនបាន កែប្រែខ្លួនជាមនុស្សល្អបន្តទៀត ។
លើសពីនេះពួកគេស្នើឱ្យអគ្គនាយក ដ្ឋានពន្ធនាគារត្រូវស៊ើបអង្កេតភាពមិន ប្រក្រតីមួយចំនួនដូចជាអំពើពុករលួយការប្រើប្រាស់ហិង្សាលើអ្នកទោសឬរំលោភផ្លូវភេទដែលប្រព្រឹត្តឡើងដោយអនុប្រធានការិយាល័យពន្ធនាគារខេត្តកំពង់ធំលោក ភិន សំអុល ។
អតីតទណ្ឌិតជាប់ពន្ធនាគារខេត្តកំពង់ធំស្នើមិនបញ្ចេញអត្តសញ្ញាណម្នាក់រៀប រាប់ថា មណ្ឌលកែប្រែ ឬពន្ធនាគារខេត្តនេះ នឹងមិនអាចកែប្រែមនុស្សឱ្យប្រសើរឡើងបានទេដរាបណានៅតែបណ្តោយឱ្យករណី ទាំងនេះកើតមានឡើង។ ប្រភពបញ្ជាក់ថា មានអ្នកជាប់ឃុំបុរសជាច្រើនត្រូវលោក អនុប្រធានពន្ធនាគាររំលោភ និងមានជាច្រើននាក់ទៀតត្រូវបានគេប្រើអំពើហិង្សា រហូតធ្វើឱ្យមានអ្នកជាប់ឃុំខ្លះបាត់បង់សតិ ឬត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតផង។ ក្រៅពីនេះមានករណីប្រព្រឹត្តអំពើ ពុករលួយដូចជាយកប្រាក់ពីអ្នកជាប់ឃុំជាថ្នូរបានចេញមកក្រៅបន្ទប់ ឬចេញធ្វើការ ងារនៅខាងក្រៅ ឬត្រូវប្តូរចេញទៅពន្ធនាគារ ផ្សេង។ ជាងនេះទៀតម្ហូបចំណីដែលលក់នៅក្នុងពន្ធនាគារខេត្តកំពង់ធំគឺលោក ភិន សំអុល ជាអ្នកលក់ផ្ទាល់ដោយលក់ក្នុង តម្លៃមួយខ្ពស់ ហើយតែងតែមិនពេញចិត្តប្រសិនបើក្រុមគ្រួសារអ្នកជាប់ឃុំទិញ ទំនិញ ឬអាហារពីខាងក្រៅចូលទៅ ។
ជាក់ស្ដែងស្ពៃចង្កឹះមួយគីឡូក្រាមតម្លៃ ១២.០០០រៀល ស្ពៃក្ដោបតម្លៃ៨.០០០ រៀល ក្រូចឆ្មារតម្លៃ១៦.០០០រៀល ត្រីរៀល តម្លៃ២៥.០០០រៀលក្នុងមួយគីឡូក្រាម និងសាច់ជ្រូកមួយគីឡូក្រាមតម្លៃ២៥.០០០ រៀលជាដើម ។
ប្រភពដដែលនិយាយថា បញ្ហានេះមិន មែនទើបតែកើតមានឡើងទេ រហូតមានអ្នកជាប់ឃុំខ្លះសម្រេចបញ្ជូនលិខិតសម្ងាត់ប្ដឹងអនុប្រធានពន្ធនាគាររូបនោះទៀតផង កាលពីឆ្នាំ២០១៥ ប៉ុន្តែមិនអាចធ្វើអ្វីគេ បានឡើយ។ ចុងក្រោយអ្នកជាប់ឃុំដែលបានទម្លាយរឿងអាស្រូវផ្លូវភេទនិងការប្រើហិង្សារបស់លោក ភិន សំអុល ត្រូវបានគេផ្លាស់ប្ដូរចេញទៅពន្ធនាគារផ្សេងវិញ ។
អនុប្រធានការិយាល័យពន្ធនាគារខេត្តកំពង់ធំលោក ភិន សំអុល បានមាន ប្រសាសន៍កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៦ថា ការចោទប្រកាន់ទាំងឡាយគឺ មិនពិតទេ ជាការបង្ខូចកិត្តិយសរបស់លោក ច្រើនជាង។ យ៉ាងនេះក្តីលោកទទួលស្គាល់ ថា មានការប្រើអំពើហិង្សាលើរាងកាយអ្នកទោស ឬដោយពាក្យសម្ដីខ្លះមែន ប៉ុន្តែក្នុង រូបភាពអប់រំពួកគេតែប៉ុណ្ណោះ។ ក្រៅពីនេះ លោកបានលក់ដូរទំនិញ ឬចំណីអាហារនៅ ក្នុងពន្ធនាគារប្រមាណ៥ខែមកហើយ។ ចំណែកតម្លៃគឺអាចលើសពីទីផ្សារបន្តិច បន្តួច និងមិនបានបង្ខំអ្នកទោស ឬអ្នកជាប់ ឃុំឱ្យទិញរបស់លោកទាំងស្រុងនោះឡើយ។
លោក ភិន សំអុល លើកឡើងថា កន្លងទៅធ្លាប់មានការចោទប្រកាន់លោកចំពោះបញ្ហានេះដែរ ប៉ុន្តែដោយមន្ត្រីថ្នាក់លើរក មិនឃើញកំហុសរបស់លោកទើបគ្មាន ចំណាត់ការណាមួយ ហើយអ្នកប្ដឹងរូបលោក ក៏មិនបានប្ដូរចេញដូចការលើកឡើងដែរ។ លោកអះអាងថា គាត់ធ្លាប់បានសុំថ្នាក់លើសម្រាកពីការងារដើម្បីធ្វើការងារខាងក្រៅ ប៉ុន្តែថ្នាក់លើមិនព្រម ហើយលោកយល់ថា ប្រសិនបើអត់ពីរូបលោកការងារនឹងជួប ការលំបាកដោយអះអាងខ្លួនឯងថាជាអ្នកធ្វើការងារម៉ឺងម៉ាត់និងគោរពទៅតាមច្បាប់ទៀតផង។
ពន្ធនាគារខេត្តកំពង់ធំបច្ចុប្បន្នមានអ្នកជាប់ឃុំជិត៦០០នាក់ក្នុងនោះស្រីជាង ៣០នាក់ ។
អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃលោក នុត សវនា បាន មានប្រសាសន៍ថា លោកសោកស្ដាយនៅ ពេលមានការចោទប្រកាន់បែបនេះ ប៉ុន្តែ លោកលើកទឹកចិត្តឱ្យសាមីខ្លួនដាក់ពាក្យ បណ្ដឹងទៅអគ្គនាយកដ្ឋានពន្ធនាគារនៃ ក្រសួងមហាផ្ទៃតែម្ដងដើម្បីងាយស្រួល ស៊ើបអង្កេតជៀសវាងគ្រាន់តែជាពាក្យ ចចាមអារ៉ាមនោះ។ លោកថា ប្រសិនបើ បញ្ហាទាំងនេះកើតឡើងមែនគឺជារឿងមិន អាចទទួលយកបាន ៕ ហេង សូរិយា