ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករប្រាប់ថា ផ្សារដើមគ នៅតែមានការយកលុយពីអ្នកលក់តាមកញ្ច្រែងល្អី

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកលក់ដូរតូចតាចតិចតួចនៅក្នុងផ្សារដើមគ និយាយថា សកម្មភាពនៃការទារប្រាក់ពីក្រុមកងសន្តិសុខនៅក្នុងផ្សារនេះ នៅតែកើតមានជាធម្មតា ។ ដូចគ្នានេះដែរ នៅឯផ្សារសាមគ្គី ស្ថិតនៅក្នុងខណ្ឌទួលគោកជាមួយគ្នា ក៏នៅតែមានការយកប្រាក់ពីអ្នកលក់ដូរ។ ប្តូររូបភាពពីការទារភាស៊ីប្រចាំថ្ងៃ មកជាការទារប្រាក់ឈ្នួលសន្តិសុខសណ្តាប់ធ្នាប់ ។

ស្ត្រីម្នាក់លក់អីវ៉ាន់បន្តិចបន្តួចនៅក្នុងផ្សារសាមគ្គីនិយាយថា នៅតែបង់ប្រាក់ឲ្យសន្តិសុខរហូតដល់៤នាក់ ដែលក្នុងមួយថ្ងៃត្រូវចំណាយ៤ពាន់រៀល ។ ស្ត្រីម្នាក់នេះអះអាងថា នៅមានការចំណាយលើសេវាផ្សេងៗទៀត ដូចជាសណ្តាប់ធ្នាប់ និងសំរាមជាដើម ។ និយាយរួមទៅ បើមិនបង់ប្រាក់ គឺមិនអាចនៅអង្គុយលក់បានសុខស្រួលនោះឡើយ ។

នៅឯផ្សារដើមគឯណោះវិញ អ្នកលក់ខ្ទឹម អំបិល ម្ទេស ក្រោមឆត្រ ស្ត្រីម្នាក់ឈ្មោះ ម៉ៅ និយាយថា បើទោះបីជាអ្នកស្រីដឹងថា សម្តេចតេជោបានប្រកាសថា អ្នកលក់ដូរកំប៉ិកកំប៉ុកដូចអ្នកស្រីមិនតម្រូវឲ្យបង់ភាស៊ីក៏ដោយ ប៉ុន្តែអ្នកស្រីអាចលក់ដូរនៅទីនេះបានត្រូវបង់ប្រាក់ប្រចាំថ្ងៃ និងប្រចាំខែជូនសន្តិសុខនៅផ្សារនេះ ។ ប្រសិនបើមិនបង់ទេ នឹងមិនអាចបានលក់តទៅទៀតឡើយ ។

អាជីវករនៅផ្សារដើមគភាគច្រើនអះអាងថា ទោះតិច ឬច្រើនពួកគេត្រូវបង់ប្រាក់ឲ្យទៅសន្តិសុខដើម្បីជាថ្នូរនឹងការអាចលក់ដូរ នៅក្នុងផ្សារនេះបានដោយសុខស្រួល ។ ពួកគេមានតូប ឬកន្លែងលក់ដូរធំដុំ, អ្នកខ្លះលក់ក្រោមឆត្រ និងអ្នកខ្លះលក់តាមចិញ្ចើមផ្លូវ ជារឿយៗត្រូវក្រុមសន្តិសុខផ្សារបណ្តេញ ឬចាប់លើកបន្លែលើរទេះ ក្រោមហេតុផលថា រៀបចំសណ្តាប់ធ្នាប់ ។

ទាំងនៅជុំវិញផ្សារសាមគ្គី ក៏ដូចផ្សារដើមគ ក្នុងខណ្ឌទួលគោក ត្រូវគេមើលឃើញថា មានភាពអនាធិបតេយ្យខ្លាំង ។ ខ្សែផ្លូវជាច្រើខ្សែនៅជុំវិញផ្សារទាំងពីរនេះត្រូវបានកងសន្តិសុខពុះអង្កន់បែងចែកសម្រាប់អាជីវករលក់ដូរ ។ នៅគ្រាដែលផ្លូវជាច្រើនកកស្ទះចរាចរណ៍ ផ្លូវជុំវិញផ្សារភាគច្រើននៅរាជធានីភ្នំពេញ ក្លាយជាកន្លែងលក់ដូរ ។ មិនមែនជាការលក់ដូរ ដែលមិនយកប្រាក់ដូចសេចក្តីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ ។ ប៉ុន្តែវាជាការលក់ដូរ ដែលត្រូវបង់ប្រាក់ជូនសមត្ថកិច្ចផ្សារទាំងឡាយនោះ ។

ស្ត្រីអ្នកលក់បន្លែម្នាក់ទៀតនៅផ្សារដើមគ គឺអ្នកស្រី សុខ សារ៉ាន និយាយថា អ្នកស្រីត្រូវបង់លុយទៅឲ្យសន្តិសុខផ្សារ ថ្លៃភាស៊ី និងអនាម័យមិនដែលខានឡើយ ។ អ្នកស្រីបញ្ជាក់ថា «បើមិនបង់លុយឲ្យទេ នឹងត្រូវក្រុមទាំងនេះ(សន្តិសុខ)ចាក់បន្លែចោលអស់ហើយ» ។

ពាក់ព័ន្ធនឹងបញ្ហាការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលអំពីការបញ្ឈប់ការយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែងល្អី កញ្ជើ នោះក្រុមអាជីវករផ្សារដើមគ ក៏ដូចជាផ្សារសាមគ្គី និយាយថា មិនដែលមានសន្តិសុខផ្សារ ឬក៏អ្នកគ្រប់គ្រងផ្សារមកប្រាប់ថា មានសេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីឲ្យឈប់យកភាស៊ីពីអ្នកលក់ដូរតូចតាច តាមកញ្ច្រែងល្អី ឬថ្លៃសេវាផ្សេងៗនោះឡើយ ។ អាជីវករទាំងឡាយដឹងឮរឿងនេះតាមការប្រកាសរបស់សារព័ត៌មានប៉ុណ្ណោះ ។

មិនមែនតែអ្នកលក់ទំនិញតាមកញ្ច្រែង ល្អី កញ្ជើក្នុងផ្សារនោះទេ ដែលនៅបន្តបង់ប្រាក់ឲ្យសន្តិសុខផ្សារ សូម្បីអ្នកលក់ពងទាតាមកង់ ក៏ត្រូវបង់លុយដែរ ។ អ្នកលក់ពងទាឈ្មោះ សុខា ដែលបណ្តើរកង់លក់ជុំវិញផ្សារដើមគ និងនៅតាមរោងចក្រនានានិយាយថា គាត់នៅតែបង់ប្រាក់ឲ្យថ្លៃសេវាអនាម័យ និងភាស៊ីរាល់ថ្ងៃ ។

មិនមែនតែផ្សារទាំងពីរនេះទេ ដែលត្រូវក្រុមអាជីវករអះអាងថា នៅតែមានការទារភាស៊ីរាល់ថ្ងៃនោះ ។ ដូចដែលក្រុមអាជីវករអះអាងយ៉ាងដូច្នេះ គឺថៅកែផ្សារ ឬថៅកែក្រុមហ៊ុនមិនបានប្រកាសសេចក្តីណែនាំរបស់ប្រមុខរដ្ឋាភិបាលនោះឡើយ ។ លើសពីនេះទៅទៀត សូម្បីតែការកំណត់តម្លៃតាមសៀវភៅបន្ទុកក៏មិនអនុវត្តឲ្យបានត្រឹមត្រូវដែរ ។ តម្លៃផ្ញើកង់ ម៉ូតូ នៅតាមផ្សារនានា នៅតែលើសសៀវភៅបន្ទុកដដែល ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់ថា ទោះការលក់ដូរនោះ ដាក់កញ្ច្រែង ឬល្អីក្ដី ប៉ុន្តែមានទីតាំងពិតប្រាកដ គឺត្រូវបង់លុយភាស៊ី និងថ្លៃសេវាផ្សេងៗដូចពេលមុនដដែល។

លោកបញ្ជាក់ថា សាលាក្រុងបានប្រជុំជាមួយតំណាងផ្សារនានានៅភ្នំពេញ ចំនួនពីរដងមកហើយ ដើម្បីកំណត់ថា តើអ្នកលក់ដូរបែបណាខ្លះដែលត្រូវរាប់បញ្ចូលក្នុងសារាចររបស់រដ្ឋាភិបាលស្ដីពីការអនុគ្រោះមិនយកភាស៊ី និងថ្លៃសេវាផ្សេងៗទៀតនោះ ដែលលទ្ធផលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។

អ្នកនាំពាក្យសាលាក្រុងដដែលបញ្ជាក់ថា ផ្សារនៅភ្នំពេញ ជួបបញ្ហាខ្លះៗដែលពិបាកក្នុងការវាយតម្លៃថា តើអ្នកលក់ប្រភេទណាត្រូវរាប់បញ្ចូលជាអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលត្រូវទទួលបានការអនុគ្រោះពន្ធប្រចាំថ្ងៃ ឬភាស៊ីនេះ។

ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់ថា បើអ្នកមកយកថ្លៃភាស៊ី ឬសេវាផ្សេងៗ ពីក្រុមអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នោះគឺជាអ្នកប្រព្រឹត្តអំពើល្មើសច្បាប់។ លោកបន្តថា ពលរដ្ឋត្រូវដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរទៅប្រធានផ្សារ និងអង្គភាពប្រឆាំងអំពើពុករលួយ៖ ។

សារាចរស្ដីពីការលុបការបង់ថ្លៃភាស៊ីចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៥ ខែធ្នូ សម្រេចលុបការបង់ភាស៊ី និងថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង ល្អី នៅតាមផ្សារទូទាំងប្រទេស។

សារាចរដដែលបញ្ជាក់ន័យរបស់ការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ថា គឺសំដៅដល់ការលក់ដូរតិចតួចនៅកន្លែងលក់ដូរ និងនៅទីផ្សារទូទាំងប្រទេស។ លក់កសិផលពីដំណាំដាំដុះ និងផលពីដំណាំធម្មជាតិ ឬកន្លែងលក់ដូរមានលក្ខណៈបណ្ដោះអាសន្ន។

ការផ្ដល់ការអនុគ្រោះនេះ សំដៅបញ្ឈប់ការបង់ភាស៊ី និងរាល់ការបង់ថ្លៃទាំងឡាយណាពីកន្លែងលក់ដូរ និងតាមទីផ្សារទាំងអស់។ ពួកគេនៅតែទទួលបានការធានាសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា ។

វាជាបញ្ហាដែលលំបាកគឺលំបាកជាងការញែកសំរាមទៅទៀត ។ បន្តិចទៀត អាចនឹងមានអ្នកលក់មាសដាក់មាសរបស់ខ្លួន ក្នុងកញ្ច្រែងល្អីដែរ? វាជាការលំបាក ប៉ុន្តែយ៉ាងណា កុំដុតឲ្យខ្លោច រោចឲ្យឆៅ ៕ ហេង សូរិយា

dwe


ចែករំលែក៖