ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៥នាក់រួមជាមួយថ្នាំញៀនចំនួន៤២កញ្ចប់ទាំងធំ/តូច និងសំភារះ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោបើកយុទ្ធនាការ បង្ក្រាបជាបន្តបន្ទាប់ នៅក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី២និងទី៣ ខែមករា ឆ្នាំ២០១៧ថ្មីៗនេះ។
បើតាមសម្ដីរបស់លោកវរសេនីយ៍ទោ ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានអោយដឹងថា បន្ទាប់ពីការណែនាំនឹងដាក់បទបញ្ជាយ៉ាងតឹងរឹងពីសំណាក់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិនឹងជាស្នងការនគរបាលរាជធានីភ្នំពេញអោយនគរបាលតាមបណ្តាលខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវលុបបំបាត់ឲ្យបាននៅការជួញដូរនឹងចែកចាយគ្រឿងញៀន។
ដូច្នេះលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ជាក់ស្តែងកាលពីយប់ថ្ងៃទី០២ កម្លាំងលោកឃាត់បានជនសង្ស័យ៣នាក់នៅផ្លូវ២១៧ ហៅផ្លូវចំការដូង ដកហូតថ្នាំញៀន មួយកញ្ចប់ធំ ហើយលោកបន្តសួរនាំរហូតដល់ព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៧នេះ ជនសង្ស័យបានសារភាពនឹងប្រាប់ពីទីតាំងសម្ងំជួញដូរគ្រឿងញៀន លោកក៏បានសុំការអនុញ្ញាតពីលោកស្រី សឿ សុវណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្តឆែកផ្ទះមួយកន្លែងស្ថិតតាមសណ្តរស្ទឹងព្រែកត្នោត ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ខ្លួនបានមេក្លោងជួញដូរគ្រឿងញៀន ២នាក់ ដកហូតបានថ្នាំ ៤១កញ្ចប់ដែលជនសង្ស័យយកទៅលាក់ក្នុងទុយោបង្ហូរទឹក ។
លោកអធិការបន្តថាក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាង( គ្រឿងញៀន)លោក បាននោះ នាំខ្លួនពួកគេមកឃុំបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់ ហើយលោកអធិការបានបញ្ជាក់ថា លោកនឹងដឹកនាំកម្លាំងបង្ក្រាបជាបន្តបន្ទាប់ដើម្បីរក្សាបាននៅសុខសន្តិភាព សុវត្ថិភាព ស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ៕ ភារ៉ា ដង្កោ