ភ្នំពេញ៖ នាពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា នឹងបង្កើតទីស្នាក់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយឱ្យបានគ្រប់២៥ខេត្ត ក្រុង ដើម្បីសំដៅធ្វើយ៉ាងណា ទប់ស្កាត់ និងបង្ក្រាបរាល់អំពើពុករលួយឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នាឆ្នាំ២០១៧នេះ ។ ក្នុងនោះដែរ នឹង ធ្វើឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅឆ្នាំ២០១៧នេះ នឹងកាត់បន្ថយចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យនៅសល់ត្រឹមប្រមាណ៤ពាន់នាក់ប៉ុណ្ណោះ ។
លោកទេសរដ្ឋមន្ត្រីបែបនេះបានធ្វើឡើងបែបនេះនៅក្នុងពិធីអបអរសាទរ ទិវាជាតិ-ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូនិងពិធីចែកបណ្ណលិខិតសរសើរជូនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយសម័យប្រឡង២២ខែសីហាឆ្នាំ២០១៦នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)នាព្រលប់ថ្ងៃទី៦ខែមករាឆ្នាំ២០១៧ ។លោកក៏បានធ្វើការអះអាងទៀតថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំ២០១៧នេះនឹងកាត់បន្ថយចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តឱ្យនៅសល់ត្រឹមប្រមាណ៤ពាន់នាក់វិញបន្ទាប់ពីកាលពីឆ្នាំ២០១៦កន្លងមកចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តរបស់អង្គភាពមួយនេះ មានចំនួនច្រើនលើសសេចក្តីត្រូវការ។
តាមតួលេខឲ្យដឹងថាអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំកន្លងមកដែលប្រព្រឹត្តិឡើងនាថ្ងៃទី២២ខែសីហាឆ្នាំ២០១៦កន្លងទៅមានចំនួន៦.១៧១នាក់ហើយបើធ្វើការប្រៀបធៀបឆ្នាំ២០១៥ឃើញថាចំនួនអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមានចំនួនលើស២៣៩០នាក់ ។ ដូច្នេះការកាត់បន្ថយមកត្រឹម៤ពាន់នាក់ នឹងធ្វើឲ្យយើងមានផលចំណេញច្រើន ៕ ប្រាថ្នា