ខេត្តប៉ៃលិនៈ កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ មន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិនបានបង្ហើបឲ្យដឹងថា មេពន្ធនាគារខេត្តប៉ៃលិនត្រូវបានកូនចៅក្រោមឱវាទម្នាក់ប្តឹងទៅតុលាការពីបទប៉ុនប៉ងប្រើអំពើហិង្សា និងជេរប្រមាថ ។
មន្រ្តីអនុរក្សដែលសុំមិនបញ្ចេញឈ្មោះបានបន្តថា មន្រ្តីដែលបានប្តឹងមេពន្ធនាគារនោះឈ្មោះ សុខ អ៊ា ភេទប្រុស អាយុ៤៦ ឆ្នាំ មានឋានៈជាប្រធានផ្នែកសើុបការណ៍អប់រំ រីឯមេពន្ធនាគារត្រូវកូនចៅប្តឹងនោះឈ្មោះ នៅ ធឿន ជាប្រធានពន្ធនាគារមានឋានន្តរស័ក្កិជាឧត្តមសេនីយ៍ត្រី ។
បើតាមប្រភពពីដើមបណ្តឹង លោក សុខ អ៊ា បានរៀបរាប់ និងរំលឹកក្នុងពាក្យ បណ្តឹងចូលទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនថា នៅវេលាម៉ោង៦និង៣០ នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅអគារផ្នែកខាងលើក្នុងបរិវេណពន្ធនាគារ ក្រោយសម្រាកពីការងារមន្ត្រី និងថ្នាក់ដឹក នាំក្នុងពន្ធនាគារបាននាំគ្នាហូបអាហារ ពេលល្ងាច និងផឹកស៊ីតិចតួចនៅក្នុងក្យូសដោយមានលោក សុខ សារូ និង លោក អ៊ុយ វិចិត្រ អនុប្រធានពន្ធនាគារ លោក សេស ចន្ថា លោក ចែត ទូច លោក លឹម ខ្នាន លោក យ៉ាន់ សុយ លោក ឃុត ធី និងលោក ពុត ណាំង ជាអនុរក្សពន្ធនា គារផងដែរ ។
លោកបានបន្តទៀតថា ក្រោយមក ស្រាប់តែ លោក នៅ ធឿង ប្រធានពន្ធនាគារបានដើរចូលទៅអង្គុយរួមតុដែរ ស្រប ពេលនោះរូបលោក(ដើមបណ្តឹង)បាន និយាយឡើងថា ចង់សុំផ្លាស់ប្ដូរទៅធ្វើ ការងារនៅឯភ្នំពេញ ឬនៅខេត្តកំពង់ស្ពឺ ព្រោះជិតផ្ទះងាយស្រួលជួបប្រពន្ធកូនផង។ ភ្លាមៗនោះ ស្រាប់តែលោក នៅ ធឿង បានសម្លឹងមើលមុខលោកដោយ អាកប្បកិរិយាខឹងយ៉ាងខ្លាំង ហើយក៏ ស្រែកជេរថា “អាអ្ហែងមើលងាយអញ អាអ្ហែងបរិហារកេរ្តិ៍អញ អាអ្ហែងពិសពុល បំផុតបក្ខពួកអាអ្ហែងអញស្គាល់អស់ ហើយ” ។
លោកបន្តថា ក្រោយពីជេរប្រមាថរួច ប្រធានពន្ធនាគាររូបនេះ បានរត់ទៅទាញ យកដំបងឈើជ្រុង បម្រុងនឹងវាយក្បាល របស់លោក តែត្រូវបានលោក អ៊ុយ វិចិត្រ អនុប្រធានពន្ធនាគាររត់ទៅចាប់ឃាត់ទាន់ពេល កុំអីលោកប្រាកដជាវីវរមិនខាន។
មន្ត្រីនៅពន្ធនាគារខេត្ត មួយនេះបង្ហើប ឲ្យដឹងទៀតថា ប្រធានពន្ធនាគារខេត្ត ប៉ៃលិនរូបនេះ តែងតែប្រើអំពើហិង្សាទៅលើកូនចៅក្រោមឱវាទ វាជារឿងដដែលៗ សម្រាប់រូបលោកប្រធាននេះ តែមិនមាន អ្នកណាម្នាក់ហា៊នប្តឹងទេ ប៉ុន្តែមកប៉ះលោក ប្រធានផ្នែកស៊ើបការណ៍ អប់រំ (ជនរង គ្រោះ) គឺគាត់ស្រឡាញ់យុត្តិធម៌ក៏ដាក់ ពាក្យប្តឹង ព្រោះរឿងនៅថ្ងៃនោះអ្នកណាក៏ ដឹងដែរ ។
ជុំវិញករណីកូនចៅប្តឹងមេខ្លួនឯងខាងលើនេះ អ្នកយកព័ត៌មាននគរវត្តមិនអាច រកការពន្យល់ពីលោកឧត្តមសេនីយ៏ត្រី នៅ ធឿង បានទេនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ដោយសារទូរស័ព្ទពុំមានអ្នក ទទួល។ យ៉ាងណាក៏ដោយតាមគេហទំព័រក្នុងស្រុកមួយបានដកស្រង់សម្តីលោក ឧត្តមសេនីយ៍ នៅ ធឿង ប្រធានពន្ធនាគាររូបនេះបានឲ្យដឹងថា ករណីនេះពិតជាមាន រឿងប្រាកដមែន តែលោកមិនបានយក ដំបងទៅវាយកូនចៅក្រោមឱវាទនោះទេ។ លោកបន្តទៀតថា រឿងនេះបានកើតឡើងនៅពេលដែលកូនចៅឈ្មោះ សុខ អ៊ា សុំផ្ទេរទៅខេត្តផ្សេង តែលោកបានប្រាប់ថារូបលោកមិនមានសិទ្ធិសម្រេចផ្ទេរនោះទេ ហើយបើចង់ផ្ទេរត្រូវដាក់សំណើទៅសាលា ខេត្តទើបកើតទំនាស់តែម្តង ៕ ស សារ៉េត