ខេត្តព្រះសីហនុ ៖ ស្រ្តីម្នាក់របួសពក ថ្ងាសនិងបែកចិញ្ចើម ខណៈដែលរថភ្លើង មួយខ្សែរបុករថភ្លើងមួយខ្សែទៀតក្នុងទិសដៅពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចរ៉ារថភ្លើងស្ថិតក្នុង ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីរថភ្លើងបុកគ្នាខាងលើនេះ បណ្តាលឲ្យស្រីម្នាក់ឈ្មោះ សៅ សុផល អាយុ៣៨ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវរងរបួសបែកចិញ្ចើមខណៈស្រ្តីរងគ្រោះជិះរថភ្លើងនៅខាងមុខ ហើយពេលរថភ្លើងបុកគ្នា បណ្តាលឲ្យក្បាលរបស់គាត់បោកទៅនឹងទូរថភ្លើង។
ប្រភពបានបន្តថារថភ្លើងដែលបានបុករថភ្លើងមួយខ្សែទៀតក្នុងទិសដៅស្របគ្នានោះអ្នកបញ្ជារថភ្លើងឈ្មោះ យូ គឹមសាន អាយុ៥០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា រថភ្លើងដឹក អ្នកដំណើរបុកគ្នានេះថ្វីបើមិនមានអ្នកស្លាប់តែរថភ្លើងដែលបុកខ្សែរថភ្លើងខាងមុខនោះរងការខូចខាតយ៉ាងដំណំ។ រថភ្លើងដែល បុកគ្នានេះគេពុំដឹងថា ជារថភ្លើងរបស់ក្រុម ហ៊ុនឯកជន ឬរដ្ឋនោះទេតែបើតាមការ សន្និដ្ឋានរថភ្លើងដែលបុករថភ្លើងខាងមុខជារបស់ក្រុមហ៊ុនឯកជន។ រីឯរថភ្លើង ដែលរងនឹងការបុកនោះសង្ស័យជារបស់ រដ្ឋ ព្រោះទូនិងបារ៉ុងធ្វើពីជញ្ជាំងឈើបានបាក់បែកខូចខាតស្ទើរមួយកំណាត់បារ៉ុង។
តាមសាក្សីនៅកន្លែងកើតហេតុដែលបានឃើញហេតុការណ៍នេះឲ្យដឹងថា នៅ មុនពេលកើតហេតុគេបានឃើញរថភ្លើង មួយខ្សែធ្វើដំណើរពីខេត្តព្រះសីហនុមកឈប់ចតនៅរ៉ារថភ្លើងក្នុងភូមិបឹងវែង ស្រាប់ តែពេលនោះមានរថភ្លើងមួយខ្សែទៀតធ្វើដំណើរមកពីក្រោយដោយមានអ្នកដំណើរជិះនៅខាងលើពេញផងក៏បុករថភ្លើងដែលឈប់ចតពេញទំហឹងបណ្តាលឲ្យអ្នកដំណើរ ទង្គិចក្បាលគ្នាខ្លះពកនិងខ្លះទៀតហើម ក្បាល។ តែដោយឡែកស្រ្តីម្នាក់ឈ្មោះ សៅ សុផល ដោយមិនបានចាប់អារម្មណ៍ នឹងទប់ខ្លួនបណ្តាលឲ្យក្បាលរបស់គាត់បោកទៅនឹងបារ៉ុងរបួសចិញ្ចើមធ្ងន់តែ ម្តង។ ស្រ្តីរងគ្រោះរូបនេះគេដឹងថាជាបុគ្គលិកបម្រើនៅលើរថភ្លើងដែលជួបឧបទ្ទេវហេតុនេះ។
បើតាមអ្នកបើកបររថភ្លើងឈ្មោះ យូ គឹមសាន និយាយថា មូលហេតុដែលនាំឲ្យមានហេតុការណ៍នេះកើតឡើង ព្រោះតែ រថភ្លើងរបស់គាត់បើកនោះហ្វ្រាំងមិនសុី (អស់ខ្យល់) តែគាត់បានបង្អង់ល្បឿន និងព្យាយាមហ្វ្រាំងដែរទើបធ្វើឲ្យរថភ្លើងទាំង២គ្រឿងមិនគ្រោះថ្នាក់ដល់ក្រឡាប់ធ្លាក់ពីផ្លូវ ។
គួរបញ្ជាក់ថា ករណីរថភ្លើងបុករថភ្លើង នៅប្រទេសកម្ពុជាគេកម្រឃើញកើតមានខ្លាំងណាស់តែសម្រាប់នៅប្រទេសជឿនលឿនដូចជាប្រទេសឥណ្ឌាតែងតែកើតមាន ហើយបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត មនុស្សស្លាប់របួសច្រើននាក់ទៀតផង។ ដូច្នេះករណីដែលកើតមានហេតុការណ៍ នាពេលនេះមិនថារថភ្លើងក្រុមហ៊ុនឯកជនឬរដ្ឋនោះទេមុនពេលចេញដំណើរត្រូវពិនិត្យ បច្ចេកទេសឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះជីវិតអ្នកដំណើរពឹងផ្អែកលើអ្នកបើកបរ ដើម្បីធានាអាយុជីវិតរបស់ពួកគាត់ ៕ ឆ្លាមសមុទ្រ