ប្រទេសថៃ៖ ពលរដ្ឋខ្មែរ២នាក់ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងការចាប់ឃាត់ខ្លួនពីតម្រួតថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។
សេចក្តីរាយការណ៍ចុងក្រោយពីកងកម្លាំងការពារព្រំដែនកម្ពុជា ឈរជើងនៅតំបន់ស្រុកអូរជ្រៅប្រាប់ឱ្យដឹងថាពលរដ្ឋខ្មែរ២នាក់នោះត្រូវបានតម្រួតថៃដោះលែងត្រឡប់មកផ្ទះវិញហើយ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដោយបញ្ជូនប្រគល់ឱ្យសមត្ថកិច្ចការពារព្រំដែនកម្ពុជានៅច្រករបៀងតំបន់៥ ក្នុងភូមិសាស្រ្តឃុំអូរបីជាន់ស្រុកអូរជ្រៅ។
ការដោះលែងពលរដ្ឋខ្មែរ២នាក់នោះដែរ ក្រោយពីមានកិច្ចអន្តរាគមន៍សម្របសម្រួលរវាងអាជ្ញាធរដែនដី សមត្ថកិច្ចការពារព្រំដែន នៃ ភាគីទាំងពីរឱ្យមានការដោះលែងអ្នកទាំង២នាក់នោះ។សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា ក្នុងអំឡុងនៃការចាប់ខ្លួន ពលរដ្ឋខ្មែរ២នាក់ ត្រូវបានតម្រួតថៃចាប់បញ្ជូនដល់ខេត្តស្រះកែវធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាបញ្ឆប់ពួកគេឆ្លងដែនចូលក្នុងដីថៃដើម្បីលេងល្បែងខុសច្បាប់តទៅទៀត។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០១៧ ពលរដ្ឋខ្មែរ២នាក់ត្រូវបានគេស្គាល់ឈ្មោះ ១,ឈឿន សេង ភេទប្រុស អាយុ៤៥ឆ្នាំ ២,អូន ដែង ភេទប្រុសអាយុ៣៣ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងការចាប់ឃាត់ខ្លួនពីតម្រួតថៃក្រោយអ្នកទាំង២នាក់នោះលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងតំបន់៥ ចូលក្នុងដីថៃ នៅចំនុចក្នុងព្រៃមួយកន្លែងដើម្បីលេងល្បែងជល់មាន់ ភ្នាល់ដាក់ប្រាក់ស្ថិតក្នុងភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ឈមនិងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពីបទលួចឆ្លងដែននិងចូលលេងល្បែងខុសច្បាប់នៅក្នុងដីថៃ។
ពួកគេ ទាំង២នាក់នោះក្រោយពីឃាត់ខ្លួនមានរយៈពេល៣ថ្ងៃទើបតម្រួតថៃធ្វើការដោះលែងមកវិញ៕ សំវិច្ឆិកា