ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់លោតចូលទឹកទន្លេ៥-៦ម៉ោងផុសមក វិញមិនស្លាប់សង្ស័យមាននាគជួយនាង

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង ៖ ពិតជារឿងដ៏ចម្លែក មួយឬក៏អាចថាជារឿងអបិយជំនឿ ខណៈ ដែលនារីម្នាក់លង់ទឹកអស់រយៈ៥-៦ម៉ោង រួចផុសមករស់ឡើងវិញដែលហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅមុខបញ្ជាការដ្ឋានយោធាស្រុកសេសាន។

អ្នកស្រុកឲ្យដឹងថា នារីរងគ្រោះឈ្មោះ ផែង សីឡា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់ នៅភូមិកើតហេតុមានឪពុកឈ្មោះ ផែង ថងថែង អាយុ៤២ឆ្នាំ មុខរបរកសិករ និង ម្ដាយឈ្មោះ ឃឿង យ៉ាន់ អាយុ៤១ឆ្នាំ រស់ នៅភូមិកំភុន ។

ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើត ហេតុបានឲ្យដឹងថា ក្មេងស្រីខាងលើនេះបានលង់ទឹកទន្លេតាំងពីព្រឹកម៉ោង១១ថ្ងៃត្រង់ ហើយបើទោះជាអ្នកភូមិនិងសាច់ញាតិ ក្រុមគ្រួសារនាំគ្នាមុជទឹករាវរកក្មេងស្រីរងគ្រោះនោះយ៉ាងណាក៏មិនឃើញដែរ ។

ប្រភពបន្តថា រហូតដល់ម៉ោង៤និង៣០ នាទីរសៀលថ្ងៃដដែលស្រាប់តែនារីដែលលង់ទឹកនោះបានផុសមកពាក់កណ្ដាលខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។

ប្រជាពលរដ្ឋបានបន្ថែមថា នារីរងគ្រោះបានផុសពាក់កណ្ដាលខ្លួននៅក្នុងស្ថាន ភាពមិនដឹងខ្លួន ឡើយត្រូវបានក្រុមគ្រួសារដឹកយកមកមណ្ឌលសុខភាពកំភុនដើម្បី ជួយសង្គ្រោះហើយប្រហែលជា២០នាទីក្រោយមកនារីរងគ្រោះក៏ដឹងខ្លួនឡើងវិញ។

បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា ការណ៍ដែលនាងមិនស្លាប់ព្រោះមានពស់២ក្បាលមកយកនាងទៅលេងអស់រយៈ ពេល៥ទៅ៦ម៉ោងរួចក៏ឲ្យនាងត្រលប់មកវិញ ។

ប្រភពពីប្រជាពលរដ្ឋបានបន្ថែមថា រឿង នេះគឺជាលើកទី១ហើយដែលបានកើតឡើង នៅភូមិ-ស្រុករបស់គាត់ដែលជារឿងចម្លែក មួយមិនធ្លាប់មានពីមុនមកទាល់តែសោះ។

ជុំវិញរឿងចម្លែកនេះអ្នកយកព័ត៌មាន នគរវត្តមិនអាចរកការពន្យល់ពីប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តស្ទឹងត្រែងបានទេ ព្រោះមិនមានលេខទូរស័ព្ទ ។

ដោយឡែកលោក ម៉ៅ តារា ស្នងការ នគរបាលខេត្តស្ទឹងត្រែងបានប្រាប់តាម ទូរស័ព្ទកាលពីរសៀលថ្ងៃទី១០ ខែមករា ថា ករណីខាងលើនេះលោកមិនទាន់បានពិនិត្យមើលនៅឡើយទេព្រោះលោកកំពុងជាប់រវល់ការងារចុះមកព្រំដែន ។

លោក ផែង ថងថែង ជាឪពុកនារីរង គ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់មាន គ្រូសារហើយនិងមានកូននៅក្នុងផ្ទៃជាង២ខែ ហើយនៅពេលកើតហេតុគាត់មិនបានដឹងកូនស្រីដើរបាត់ទៅណានោះទេ លុះ ក្រោយមកបានទទួលដំណឹងថា កូនស្រីទៅ លោតទឹកសម្លាប់ខ្លួន។ ដំណឹងនេះលោកបានដឹងតាមមិត្តភក្កិរបស់កូនស្រីឈ្មោះ ស្រី ចាន់ គ្រាដែលនាង (ស្រីចាន់) បាន រត់មកស្រែកហៅឲ្យគាត់ទៅជួយចុះរាវរកកូនស្រីបន្ទាប់ពីកូនស្រីបានលោតទឹកហើយ បន្សល់ទុកម៉ូតូ ស្បែកជើង និងទូរស័ព្ទដៃ នៅមាត់ច្រាំងទន្លេ ។

ចំណែកនាងស្រីចាន់ មិត្តភក្កិនារីរង គ្រោះវិញនិយាយថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូមកឌុបនាងឲ្យជួយទៅបេះផ្លែស្វាយនៅមាត់ទន្លេមុខទីបញ្ជាការស្រុកសេសាន តែមិនទាន់បេះបានផងនារីរងគ្រោះបានយកសោម៉ូតូនិងទូរស័ព្ទ មកផ្ញើខ្លួនដោយបានប្រាប់ថា«អញទៅលោតទឹកហើយកុំមកតាមអញ»។ ឮដូច្នេះ នាងក៏បានឃាត់នារីរងគ្រោះតែឃាត់យ៉ាងណាក៏មិនឈ្នះ ហើយនារីរងគ្រោះក៏រត់ចុះទឹកបាត់តែម្តង។ ភ្លាមៗនោះនាងក៏បានរត់ទៅប្រាប់ឪពុកម្តាយក៏ដូចជាអ្នកស្រុកធ្វើឲ្យ ផ្អើលនាំគ្នាមកមុជរាវរកនិងខ្លះទៀតបង់សំណាញ់អូសអួនតែរកអស់រយៈពេលជាច្រើនម៉ោងនៅតែមិនឃើញ។ ដោយសារ រកអស់ចិត្តអស់ចង់ក៏នាំគ្នាឡើងមកលើគោកនិងអ្នកមានជំនឿខ្លះទៀតដុតធូបបន់ស្រន់អារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដីស្រាប់តែឃើញនារីរងគ្រោះផុសឡើងតែម្តង ។

បើតាមឪពុកម្តាយនារីរងគ្រោះបាន និយាយថា ពេលដែលកូនស្រីដឹងខ្លួនកូន ស្រីបាននិយាយថា មានពស់នាគពណ៌ខ្មៅ ធំៗ១គូបានទាញនាងឡើងមកលើទឹក ពាក់កណ្តាលខ្លួនហើយពេលនោះក៏បានស្រែកហៅឲ្យគេជួយ ។

ពាក់ព័ន្ធនឹងរឿងចម្លែកនេះអ្នកជឿ អបិយជំនឿបាននិយាយថា នារីរងគ្រោះ អាចត្រូវបានអារក្សទឹកបញ្ជូនមកវិញក៏ថាបានដែលវាប្រៀបបីដូចជាជនរងគ្រោះខ្លះស្លាប់ ឬភ្លឹកហើយក៏ដឹងខ្លួនវិញ ៕ លី ហ៊ាង

img-20170110-wa0023 img-20170110-wa0022 img-20170110-wa0021 img-20170110-wa0020 img-20170110-wa0016 img-20170110-wa0017 img-20170110-wa0018 img-20170110-wa0019 img-20170110-wa0024


ចែករំលែក៖