ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថសែនសុខឃាត់បុរស២នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លូនជាបន្តបន្ទាប់ ដើម្បីសាកសួរពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ ដែលករណីនេះផ្តើមចេញពីម្តាយប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុសរបស់គាត់ យកទៅធ្វើការអប់រំ ដោយសារការប្រើប្រាស់គ្រឿងញៀន ។

ជនសង្ស័យ ទាំង ២នាក់ ទី១ ឈ្មោះ ប៉ឹល រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២ ឈ្មោះ ឡេង សាមុត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

មន្ត្រីអាវុធហត្ថខណ្ឌសែនសុខប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ដោយយោងតាមពាក្យបណ្តឹងផ្ទាល់មាត់ពីឈ្មោះ សុខ សារីន ភេទស្រី អាយុ៦០ឆ្នាំមុខរបរនៅផ្ទះ ដែលត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ ប៉ឹល រស្មី បានមកប្តឹងថា កូនប្រុសរបស់គាត់មានការប្រើប្រាស់គ្រឿងញៀន ហើយក្រោយពីទទួលបានព័ត៍មាននេះ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ ចេញប្រតិបត្តិការចុះដល់កន្លែងស្នាក់នៅ ឃាត់បានជនសង្ស័យ ឈ្មោះ ប៉ឹល រស្មី ភ្លាមៗ ព្រមទាំងដកហូតថ្នាំញៀន ចំនួន ២កញ្ចប់តូច និងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ ។

មន្ត្រីអាវុធហត្ថខណ្ឌសែនសុខដដែលប្រាប់បន្តឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរទៅលើជនសង្ស័យឈ្មោះ ប៉ឹល រស្មី បានឆ្លើយសារភាពឲ្យសមត្ថកិច្ចដឹងអំពីទីតាំង ដែលរូបគេទិញគ្រឿងញៀន នៅចំណុចផ្ទះល្វែង អតីត ហាងលក់គ្រឿងក្លែមគ្រប់មុខ ( យីហោ ) ធីរ៉ា២ ចំណែកបច្ចុប្បន្ន ត្រូវបានម្ចាស់ជួលជាបន្ទប់ៗ សម្រាប់ឲ្យគេស្នាក់នៅ ស្ថិតនៅផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រោយពីទទួលបានចម្លើយសារភាពពីជនសង្ស័យ នាវេលាម៉ោង ១៨ និង១៥នាទី ល្ងាចថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានចុះទៅដល់ទីនោះឆែកឆេររកឃើញ ក្រាមពណ៍សថ្លា ចំនួន ៨ កញ្ចប់ធំ រួមទាំងថង់បា្លស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត ប៉ុន្តែម្ចាស់ទីតាំង មិនត្រូវបានធ្វើការឃាត់ខ្លួនឡើយ ។ ដោយឡែកនៅក្នុងប្រតិបត្តិការនេះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ ឡេង សាមុត ដែលកំពុងឈរមើលជិតកន្លែងកើតហេតុ ដោយសារឆែកឆេរទៅលើម៉ូតូរបស់គេ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7266 រកឃើញ ម្សៅក្រាមពណ៍ស ១កញ្ចប់តូច ។

ប្រភពព័ត៌មានដដែលប្រាប់បញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ទាំង ២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានដឹកបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ តុង សីហា

se (1) se (2) se (3) se (4) se (5)


ចែករំលែក៖