ក្រុមអាជីវកររកស៊ីបូមខ្សាច់លក់នៅខេត្តពោធិ៍សាត់បានឲ្យដឹងថា សាលាខេត្តពោធិ៍សាត់បានកំណត់ឲ្យពួកខ្លួនបង់ប្រាក់ក្នុងមួយប៉ែលខ្សាច់៤ពាន់រៀល ឬប្រហាក់ប្រហែល១ដុល្លារ ។ ប្រភពរាយការណ៍ថា ការដែលសាលាខេត្តធ្វើយ៉ាងនេះ ក៏ព្រោះតែខេត្តគ្មានចំណូលដើម្បីទ្រទ្រង់ការងារប្រចាំថ្ងៃ ។ ពួកឈ្មួញនិយាយថា នៅពេលដែលសាលាខេត្តកំណត់យ៉ាងដូច្នេះពួកខ្លួនគ្មានជម្រើសអ្វី ក្រៅពីបង់ប្រាក់តាមសំណើរបស់អាជ្ញាធរនោះទេ ។
គេនិយាយថា នៅទីរួមខេត្តពោធិ៍សាត់មានក្រុមហ៊ុនបូមខ្សាច់ចំនួន៦ ប៉ុន្តែមាន៥ប៉ុណ្ណោះដែលធ្វើសកម្មភាព ។ ក្នុងមួយថ្ងៃៗ គេប៉ាន់ប្រមាណថា មានរថយន្តដឹកខ្សាច់ចេញពីស្ទឹងពោធិ៍សាត់ប្រហែល១៥០ជើង ។ ក្នុងរថយន្ត១គ្រឿង អាចផ្ទុកខ្សាច់បានយ៉ាងតិច១៥ប៉ែល ។ បើដូច្នោះ ក្នុងមួយថ្ងៃ គេអាចដឹកខ្សាច់ចេញពីស្ទឹងពោធិ៍សាត់ជាង២ពាន់ប៉ែល ។ ងាយយល់ទេ បើជាង២ពាន់ប៉ែល ក៏ប្រហែលនឹងជាង២ពាន់ដុល្លារដែរ ។ ក្រុមអាជីវករនិយាយថា ក្រៅពីបង់លុយឲ្យសាលាខេត្ត ក៏នៅមានស្ថាប័នជំនាញផ្សេងៗទៀត ដែលធ្វើឲ្យផលចំណេញសម្រាប់ពួកគាត់កាន់តែខើចខ្លី ។
ក្រុមអ្នករកស៊ីខ្សាច់នៅខេត្តពោធិ៍សាត់អះអាងថា សព្វថ្ងៃនេះ ការរកស៊ីហាក់ដូចគ្រាន់តែចិញ្ចឹមសមត្ថកិច្ច ។ បើមិនរកស៊ីសម្ភារដែលទិញមក នឹងត្រូវទុកចោល អាចបណ្តាលឲ្យខូចខាត ។ ដូច្នេះ ពួកគាត់ត្រូវបង្ខំចិត្តរកស៊ីខ្សាច់ បើទោះបីជាទទួលបានផលចំណេញបន្តិចបន្តួចក៏ដោយ ។ គេមិនដឹងថា តើសាលាខេត្តពោធិ៍សាត់ពិតជាបានបង្គាប់ឲ្យក្រុមអាជីវករយកប្រាក់ទៅបង់ឲ្យខ្លួនដូចការលើកឡើងមែនឬយ៉ាងណានោះទេ? ប៉ុន្តែថា បើគ្មានភ្លើង ក៏គ្មានផ្សែងនោះដែរ ។ មិនដែលសុខៗ ក្រុមអាជីវករទៅប្រឌិតរឿងដែលនាំឲ្យវ័ណ្ឌកខ្លួនឯងនោះឡើយ ៕