ឈានដល់ដើមឆ្នាំ២០១៧ភ្លាម នាយជាលឃើញថា ចំណាត់ការរបស់រាជរដ្ឋាភិបាល និងនៅស្ថាប័នក្រសួងមួយចំនួន ហាក់ដូចជាមានការកែទម្រង់របៀបរបបធ្វើការងារច្រើន ទៅអ្វីដែលគេហៅថា « ដើម្បីកាត់បន្ថយពេលវេលា និងចំណាយថវិការបស់ប្រជាពលរដ្ឋ » ។
ការធ្វើសមាហរណកម្ម របៀបរបបធ្វើការនេះ ប្រជាពលរដ្ឋនឹងសម្តែងអបអរសាទរ ប្រសិនបើធ្វើទៅបានជោគជ័យ តែបើមិនជោគជ័យ ច្បាស់ជាប្រជាពលរដ្ឋនាំគ្នាទះដៃសើចមិនខាន ហើយការមិនជោគជ័យនេះមិនមែនកើតឡើងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះទេ គឺ វាស្តែងចេញពីថ្នាក់ក្រោមជាអ្នកអនុវត្តន៍ផ្ទាល់មិនគោរពនិងអនុវត្តតាមថ្នាក់លើណែនាំ ។
ជាការកត់សម្គាល់របស់នាយជាលនៅដើមឆ្នាំ ២០១៧ នេះ រាជរដ្ឋាភិបាលមានការកែ សម្រួលការធ្វើបណ្ណបើកបរ ការមិនឲ្យយកលុយអ្នកលក់ដូរកញ្ចែ្រងល្អីតាមទីផ្សារ និងនៅពេលខាងមុខនេះមិនអនុញ្ញាតឲ្យយកលុយសម្រាប់ការធ្វើអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត អាពាហ៍ពិពាហ៍ និង សំបុត្រមរណភាពជាដើម ។ ទាំងនេះសុទ្ធតែជាគន្លិះការងារក្នុងមូលដ្ឋានសុទ្ធសាធ ហើយអ្នកអនុវត្តទៀត សោតមិនមែនជាមនុស្សមកពីថ្នាក់លើមកធ្វើផ្ទាល់ទេ គឺជាមន្រី្តមូលដ្ឋាននេះឯងជាអ្នកអនុវត្ត ដូច្នេះហើយត្រង់ថាជោគជ័យ ឬមិនជោគជ័យ គឺពួកគាត់នេះឯង ។
នាយជាលហាក់មានការបារម្ភទៅវិញខ្លាចមានរបាយការណ៍ទៅថ្នាក់លើសុទ្ធតែល្អគ្រប់ ១០ ឯនៅក្រោមវិញកាន់តែស្អុយរលួយតាមរយៈយកដាវអាជ្ញាសឹកមកជន្ល ឲ្យហ្វូងក្អែកផ្អើល បានន័យថា ការណែនាំរបស់ថ្នាក់លើមានតែលើក្រដាស ហើយបើគ្មានការត្រួតពិនិត្យទេ ថ្នាក់ ក្រោមមិនឈឺក្បាលដោយសំអាងថាជារឿងកំប៉ិកកំប៉ុកមិនព្រមធ្វើតាមរឹតតែស៊ីលើសដើម?
បានជានាយជាល បារម្ភរឿងនេះ ព្រោះនៅពេលនេះនិងពេលទៅខាងមុខមានមន្រី្ត ថ្នាក់ក្រោមជាតិមួយចំនួនជាពិសេសថ្នាក់ ស្រុក ឃុំ ឬខណ្ឌសង្កាត់ អនុវត្តតាមការណែនាំពីថ្នាក់លើមិនបានទេ ដូចជាមិនអនុញ្ញាតឲ្យយកលុយពីអ្នកលក់ដូរកញ្ចែ្រងល្អីតាមទីផ្សារ យកលុយសម្រាប់ការធ្វើអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត អាពាហ៍ពិពាហ៍ និង សំបុត្រមរណភាពជាដើមនោះ ដែលតាមជាលដឹងកន្លែង ខ្លះមិនត្រឹមតែមិនអនុវត្តតាមនោះទេ គឺយកតម្លៃលើសដើម(ស៊ីលើសដើម) ជាពិសេសទាក់ទងការ ធ្វើលិខិតស្នាមបញ្ជាក់ពីមូលដ្ឋានដោយគេប្រើវិធីខ្សឹបខ្សៀវមិនឲ្យថ្នាក់លើដឹងដោយគេយកតម្លៃមួយគុណជាពីរអាចធ្វើបានលឿន តែបើគ្មានវិធីខ្សឹបខ្សៀវនេះទេគឺពិតជាត្រូវគេធ្វើតាមលំដាប់លំដោយឆ្លើយដាក់គ្នាពីមួយទៅមួយយកលេសអីចេះអីចុះហើយយ៉ាងតិចមួយអាទិត្យទើបស៊ីញ៉េរួច ។
ប្រសិនបើនៅតែយ៉ាងនេះដដែលមិនបាច់ថ្នាក់លើដាក់បញ្ជាមកថ្នាក់ក្រោមអនុវត្តទេ ព្រោះវាធ្វើឲ្យពលរដ្ឋកាន់តែខាតពេលនិងជួបលំបាកជាងមុនដដែល។ដូច្នេះការធ្វើកំណែទម្រង់ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវតែថ្នាក់លើតាមដានឲ្យជាប់លាប់ បើពុំដូច្នោះទេ ថ្នាក់ក្រោមមិនឈឺក្បាលនឹងនៅតែធ្វើត្រងៀតឆ្លៀតពងដដែលនឹងឯង ៕ នាយជាល