ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបែកក្បាលដោយសារធ្វើសកម្មភាពប៉ុនប៉ងរំលោភកូនក្រមុំរបស់គេ តែម្តាយនាងមកទាន់កាប់២ពូថៅ ដើម្បីជាការគំរាមដល់ជនកំហូចដទៃផ្សេងទៀត កុំឲ្យយកតម្រាបតាម ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល៧និង១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិខ្នុលអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
របាយការណ៍សមត្ថកិច្ចអះអាងថា ករណីនេះកើតឡើង នៅចំណុចផ្ទះឈ្មោះ លន នេន ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិខ្នុលអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា ករណីប៉ុនប៉ងរំលោភនេះ បង្កដោយឈ្មោះ សេង ហន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បានចាប់ក្មេងស្រី ឈ្មោះ ភ.ច.ថ. អាយុ ១៧ឆ្នាំផ្តួលពីលើខ្លួន បម្រុងចាប់រំលោភ តែភ្លាមនោះត្រូវម្តាយជនរងគ្រោះ ឈ្មោះ លន នេន មកទាន់ យកពូថៅកាប់ទៅលើជនបង្ក២ពូថៅ ចំក្បាលពីលើ បណ្តាលអោយសន្លប់យកទៅពេទ្យបង្អែកស្រុកឧដុង្គ ។
ជនបង្កត្រូវបានឃាត់ នៅប៉ុស្តិ៍រដ្ឋបាលវាំងចាស់ ដើម្បីបន្តនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ៕