ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតសកលវិទ្យាល័យន័រតុនម្នាក់ត្រូវរថយន្តបែកដឹកដីកិនស្លាប់នៅស្រុកកណ្តាលស្ទឹង

ចែករំលែក៖

កណ្តាលៈ យុវជនម្នាក់ជានិស្សិតរៀននៅសកលវិទ្យាល័យន័តុនត្រូវបានរថយន្តបែកដឹកដីកិនបែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអណោចអធ័ម រីឯនារីជាសង្សាររងរបួសស្រាល បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូជិះស្របគ្នា ហើយដួលបោកទៅលើស្ពានត្រូវរថយន្តកិនបន្ថែម ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចលើស្ពានដែក ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិជ័យជំនះ ឃុំសៀមរៀប ស្រុកកណ្តាលស្ទឹង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ សៀង ម៉ាណែតតូម៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជានិស្សិត មានទីលំនៅភូមិទួលរកា ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ1BQ-4891 រីឯនារីជាសង្សារឈ្មោះ ប៊ុន រតនា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯរថយន្តបែនដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ3C-7230 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះខាងលើនេះបើកម៉ូតូឌុបនារីជាសង្សារតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តតាកែវ ខណៈបើកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបានប៉ះដៃចង្កូតជាមួយម៉ូតូបើកស្របទិសគ្នា បណ្តាលឲ្យដួលនៅលើស្ពានដែក ស្របពេលនោះរថយន្តបែនដឹកដីបើកមកដល់កិនពីលើជនរងគ្រោះជាអ្នកបើកបរម៉ូតូដែលមានពាក់មួកការពារសុវត្ថិភាព បែកក្បាលធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអណោចអធ័ម ។ ដោយឡែកនារីជាសង្សារដែលរួមដំណើរជាមួយរងរបួសស្រាល ដោយសារតែមិនត្រូវបានរថយន្តកិនពីលើដូចបុរសជាសង្សារ ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបែនដឹកដីបានរត់គេចខ្លួនបាត់ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមច្បាប់ ។

ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

ase (1) ase (2) ase (3) ase (4) ase (5) ase (6) ase (7)


ចែករំលែក៖