ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលតាមបណ្តាស្រុក/ក្រុងទាំង១១ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្រាវជ្រាវបង្រ្កាបចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុស-ស្រីចំនួន៦៤នាក់ ជាបន្តបន្ទាប់ក្នុងរយៈពេល១៥ថ្ងៃ ដកហូតថ្នាំញៀនសរុបចំនួន១០៤កញ្ចប់ស្មើនឹងទម្ងន់៣១.២២ក្រាម ,ម៉ូតូ០៩គ្រឿង ,ទូរស័ព្ទដៃ៤៦គ្រឿង ,ជញ្ជីងថ្លឹងគ្រឿងញៀន០៣គ្រឿង ,ដាវ០៥ដើម ,ប្រាក់រៀល១៤៣.៥០០រៀល ,ប្រាក់ដុល្លា២ដុល្លា ,ប្រាក់បាត៧០បាត ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ត្រឹមរយៈពេល១៥ថ្ងៃចាប់តាំងពីថ្ងៃទី០១រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នគរបាលតាមបណ្តាស្រុក/ក្រុងទាំង១១ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្រោមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
លោកស្នងការរងបានបន្តថា ជាលទ្ធផលរយៈពេល១៥ថ្ងៃមកនេះ សមត្ថកិច្ចនគរបាលធ្វើការបង្រ្កាបបានចំនួន៣៦ករណី ចាប់ខ្លួនជនសង្ស័យសរុបចំនួន៦៤នាក់ ក្នុងនោះស្រី៦នាក់ ជនជាតិខ្មែរឥស្លាម០១នាក់ ព្រះសង្ឃ២អង្គ និងវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ ស្អាងជ័យ