ខេត្តកំពង់ចាម៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានបើកប្រតិបត្តការ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ ជាបន្ដបន្ទាប់ បន្ទាប់ពីប្រមាញ់បានពត៍មានសំងាត់ដ៏អស្ចារ្យ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកវរសេនីយឯក សោម រស់ នាយការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន និងជាអ្នកដឹកនាំប្រតិបត្តិការផ្ទាល់បានឲ្យដឹងថា ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្ត និងបន្ទាប់ពីទទួលបានព័ត៌មានសំងាត់ថា មានក្រុមជនសង្ស័យបានផ្ញើកេះស្នោបិតជិតមកពីខេត្តស្ទឹងត្រែង បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ជំនាញបានចុះទៅចំណុចកើតហេតុ ហើយ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ចាន់ធី ចរិយាភា ភេទស្រី អាយុ២៥ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស ១កញ្ចប់ធំ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកធូដេ ពណ៌លឿង១គ្រឿង ។
លោកបន្ដថា តាមចម្លើយសារភាព កម្លាំងជំនាញបានបន្ដឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត ដែលទី១៖ ឈ្មោះ ដុំ វាសនា ហៅស្នាដុំ អាយុ៤២ឆ្នាំ, ទី២៖ឈ្មោះ រី រម្យលី ហៅ លី អាយុ២៨ឆ្នាំ និងទី៣៖ឈ្មោះ ទូច ចាន់កុសល ហៅរ៉ាស៊ីត ហើយដកហូតបាន ម្សៅក្រាមពណ៌ស១កញ្ចប់, ទូរស័ព្ទដៃ៣គ្រឿង , រថយន្តម៉ាក RX300 ពណ៌ត្រាវ ១គ្រឿង, ប្រាក់ដុល្លារ១,៥៩០ដុល្លារ, ប្រាក់រៀល២,០៧០,០០០ រៀល , លុយបាត២៤០បាត , លុងដុង២០ម៉ឺនដុង ។
ជាមួយនិងភាពជោគជ័យនេះ លោក សោម រស់ ក៏បានប្រាប់ឲ្យដឹងពីសារបាន ពួកក្រុមជួញដូរគ្រឿងញៀននោះថា គឺឈ្មោះ ទូច ចាន់កុសល ហៅរ៉ាស៊ីត ដែលកំពុងតែជាប់ពន្ធនាគារនៅមាត់ឃ្មួង ជាអ្នកបញ្ជារទិញគ្រឿងញៀនពីក្នុងពន្ធនាគាទៅខេត្តស្ទឹងត្រែងនិងផ្ញើរតាមរថយន្តតាក់សីុមកហើយឲ្យស្រីស្នេហ៍របស់គេ ឈ្មោះ ចាន់ធី ចរិយាភា ជាអ្នកទៅទទួលយក ហើយយកបន្តទៅឲ្យឈ្មោះ ដុំ វាសនា ហៅស្នាដុំ និងឈ្មោះ រី រម្យលី ហៅ លី ជាអ្នកចែកចាយរឺលក់បន្តទៀត។
ទាក់ទងនឹងករណីថា ហេតុអ្វីបានជាមនុស្សនៅក្នុងគុកហើយ អាចបញ្ជាទិញថ្នាំញៀនបានទៀតនោះ លោក សំុមិនធ្វើអធិប្បាយនោះទេ ព្រោះមិនចង់លូកលាន់នឹងការងារខាងពន្ធនាគារ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ វណ្ណះ