ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីបរិស្ថានមិនបង្ក្រាបបទល្មើសព្រៃឈើសង្ស័យបានលាភសក្ការហើយមើលទៅ?

ចែករំលែក៖

ខេត្តរតនគិរី៖ ឈើប្រណិត ប្រភេទធ្នង់ សុក្រំ និងកកោះជាច្រើនកំណាត់ ដែលដឹងថា ដឹកចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី យកទៅស្តុកទុកខាងក្រោយផ្ទះប្រជាពលរដ្ឋ មានព្រំប្រទល់ជាប់គ្នានឹងស្រុកលំផាត់ ខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋសង្គេតឃើញថា មិនដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេស មន្ត្រីបរិស្ថានស្ថិតនៅភូមិអូរល្វាក់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ខាងលើនោះ បង្ក្រាបបានម្តងណាឡើយ ។

ប្រភពព័ត៌មានបានអោយដឹងថា ឈើទាំងអស់ខាងលើនោះ តែងតែដឹកតាមរយៈរថយន្តឡង់គ្រីស័រជាច្រើនគ្រឿង ចេញពីស្រុកកោះញែក ចូលមកចំណុចខាងលើ ហើយទម្លាក់ចុះរួចលើកឡើងរថយន្តផ្សេងទៀត ដើម្បីដឹកជញ្ជូនបន្តឆ្លងកាត់ខេត្តរតនគិរី ទៅប្រទេសវៀតណាម។

ប្រភពបន្តទៀតថា ម្ចាស់ឈើនោះ ត្រូវគេស្គាល់ឈ្មោះ ហ៊ីវ ជាជនជាតិវៀតណាម បានប្រមូលទិញឈើប្រណីតគ្រប់ប្រភេទ ហើយជួលជនជាតិខ្មែរជាអ្នកដឹក និងរត់ការទៅអោយសមត្ថកិច្ចដើម្បីដឹកចេញយ៉ាងធូររលុងបំផុត។

ប្រភពបានអោយដឹងទៀតថា ចំណុចខាងលើ គឺចំណុចក្តៅនៃការដឹកជញ្ជូន និងស្តុកទុកឈើប្រណិតគ្រប់ប្រភេទ ប៉ុន្តែគេមិនឃើញមន្ត្រីជំនាញពាក់ព័ន្ធចេញទៅបង្ក្រាបលើករណីនោះទេ? ទុកបណ្តោយអោយអ្នកដឹកឈើចេញព្រោងព្រាតយ៉ាងអនាធិបតេយ្យគេសង្ស័យថា សមត្ថកិច្ចអាចនឹងបានទទួលលាភសក្ការធំដុំជាប្រព័ន្ធជាថ្នូរនឹងការមិនបង្ក្រាប ។

ចំណែកសមត្ថកិច្ចចម្រុះស្រុកលំផាត់ ដាក់កុងត្រូលជជុះនៅត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ចាំរាប់ក្បាលរថយន្តដឹកឈើយកលុយតែប៉ុណ្ណោះ ប៉ុន្តែរថយន្តណាមិនបានបង់លុយឲ្យទេនោះនឹងធ្វើការបង្ក្រាបភ្លាមៗ។

ទាក់ទងនឹងការស្តុកឈើប្រណីតដែលអត់ឃើញសមត្ថកិច្ចចេញបង្ក្រាបខាងលើនេះ អ្នកយកព័ត៌មានធ្លាប់បានទំនាក់ទំនងសុំការបំភ្លឺពីមន្ត្រីបរិស្ថានលោក ធឹម ចិត្រ ប្រធានទីស្នាក់ការដែនជំម្រកសត្វលំផាត់កន្លងទៅថ្មីៗ នេះបាននិយាយថា បើអ្នកកាសែតទៅឃើញគំនរឈើហើយមិនសុំដីកាពីតុលាការទៅ ខ្ញុំនឹងចុះទៅបង្ក្រាបភ្លាម ៕ វុទ្ធឦសាន

1 rw (1) rw (2) rw (3)


ចែករំលែក៖