ភ្នំពេញ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានសហការជាមួយកម្លាំង នគរបាលខេត្តបាត់ដំបង និងបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលមានម្នាក់ជាប្រធានសាខាធនាគារអេស៊ីលីដា ក្រុងបាត់ដំបង និង៥នាក់ទៀត ជាបុគ្គលិកធនាគារអេស៊ីលីដា ក្រុងបាត់ដំបង បន្ទាប់ពីរំលោភសេចក្តីទុកចិត្តនូវទឹកប្រាក់ ជាង ១ លានដុល្លារ ។
មន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដោយប្តឹងជនសង្ស័យទាំង៦រូបនេះពីបទ «រំលោភលើសេចក្តីទុកចិត្តដោយអភិបាលការងារ» ប្រព្រឹត្តទៅកាលពីឆ្នាំ២០១៤-២០១៥ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាមេរិក ។
ចំពោះជនសង្ស័យទាំង៦នាក់ខាងលើនេះមាន៥នាក់ជាបុគ្គលិកធនាគារអេស៊ីលីដាក្រុងបាត់ដំបង ត្រូវបានឃាត់ខ្លួន នៅសាខាធនាគារក្រុងបាត់ដំបង និងម្នាក់ទៀត ដែលជាប្រធានសាខាខេត្តបាត់ដំបងនេះដែរ ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ គ្រាដែលធ្វើដំណើរមកកាន់ផ្ទះរបស់ខ្លួន ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៦នោះរួមមាន៖ ១- ឈ្មោះ ស៊ីវ សុភ័ក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ២- ឈ្មោះ ឡេវ ឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ, ៣- ឈ្មោះ បឿន សំណង់ ភេទប្រុស អាយុ៣៧ឆ្នាំ, ៤- ឈ្មោះ ជា សិលា ភេទប្រុស អាយុ៣៤ឆ្នាំ, ៥- ឈ្មោះ ញឹក សារ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ និង ៦- ឈ្មោះ ឈន ទឹន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួននៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕ ប្រាថ្នា