ខេត្តកណ្តាល៖ សមត្ថកិច្ច និងអាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង បានចុះផ្អាកពិធីមង្គលការជនបរទេសជាកូនកំលោះជាមួយនឹងនារីខ្មែរដែលសង្ស័យថា មង្គលការនេះជ្រកក្រោមពិធីភ្ជាប់ពាក្យ ។ មានន័យថា រៀបការក្លែងក្លាយដើម្បីរៀបចំឯកសារចេញទៅក្រៅប្រទេស ។
ករណីអាជ្ញាធរ និងសមត្ថកិច្ចចុះផ្អាកពិធីមង្គលការជនបរទេសជាមួយនឹងកូនក្រមុំខ្មែរនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅភូមិព្រែកបាឡាក់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រី រឿង ឌឿន អធិការរងនគរបាលស្រុកស្អាងបានឲ្យដឹងថា កូន កំលោះដែលមករៀបការជាមួយនឹងនារីខ្មែរ នៅភូមិព្រែកបាឡាត់ឆឹងនោះឈ្មោះ គ្លីនតុន អេវូរូវ ចាបមេន (CHAP. MAN CLINTON AWOREW) អាយុ៣៦ឆ្នាំ ជាជនជាតិអូស្ត្រាលី។ រីឯកូនក្រមុំឈ្មោះ លី មុន្នីរ័ត្ន អាយុ២៥ឆ្នាំ រស់នៅភូមិព្រែក បាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្ត កណ្តាល ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យ ដឹងថា ជនបរទេសជាជនជាតិអូស្ត្រាលីខាងលើនេះបានចូលមកក្នុងប្រទេសកម្ពុជាតាម ច្រកទ្វារអន្តរជាតិភ្នំពេញ ប៉ុន្តែនៅក្នុងរបាយ ការណ៍សមត្ថកិច្ចមិនបានបញ្ជាក់ឲ្យដឹងទេថា ជនបរទេសរូបនេះចូលមកពីថ្ងៃណា និងស្នាក់នៅកន្លែងណានោះទេ។
បើតាមមន្ត្រីនគរបាលការិយាអន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តកណ្តាលបាន ឲ្យដឹងថា ជនបរទេសដែលរៀបការជាមួយ នឹងនារីខ្មែរជ្រកក្រោមស្លាកភ្ជាប់ពាក្យនេះមិនត្រូវបានឃាត់ខ្លួនទេ។ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរបានអប់រំណែនាំឲ្យជនបរទេសម្នាក់នេះរត់ការនិងរៀបចំឯកសារច្បាប់ត្រឹម ត្រូវទើបអាចរៀបអាពាហ៍ពិពាហ៍បាន៕ ស្អាងជ័យ