ខេត្តស្វាយរៀងៈ យុវជន២នាក់បាននស្លាប់ភ្លាមនិងកន្លែង ខណៈដែលបើកបរក្នុងល្បឿនលឿនហើយរេចង្កូតធ្លាក់ផ្លូវទៅបុកដើមប្រេងខ្យល់ពេញទំហឹងកាលពី១១និង៣០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៨ និង១៣៩ ស្ថិតនៅភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគេបាលស្រុកបានឲ្យដឹងថា យុវជនទាំង២នាក់ ដែលស្លាប់មានឈ្មោះ ទេព ខេមរិន អាយុ២២ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ បន្ទាយ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាបនិង អ្នករួមដំណើរឈ្មោះ ញែម សុខ អាយុ ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយជិះម៉ូតូ ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១៥ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង ១G ០៧៩០ខូចខាតយ៉ាងដំណំ។
យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូ ម៉ាកហុងដាសេ125 ស៊េរីឆ្នាំ 2015 ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1G 0790 បើកបរដោយយុវជន២នាក់ ខណៈធ្វើដំណើរពីទិសដៅពីលិច ទៅកើតក្នុងល្បឿនលឿនដោយមិនពាក់មួកសុវត្ថិភាពសង្ស័យស្រវឹងស្រា ស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅបុកដើមប្រេងខ្យល់ពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយកជនរងគ្រោះដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែដោយរងរបួសធ្ងន់ពេក ក៏ដាច់ខ្យល់ស្លាប់ទាំង២នាក់នៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារទាំង២នាក់ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន