ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបង្កហិង្សា និងអុកឡុកពិធីមង្គលការពីរនាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ករណីហិង្សាដោយចេតនាកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនា និងបង្កអុកឡុកក្នុងកម្មវិធីមង្គលការ នេះ បង្កឡើងដោយជនសង្សុ័យឈ្មោះ ខុន ឃី ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ មឿន គា ភេទប្រុស អាយុ២៣ឆ្នាំ ទាំងពីរនាក់រស់នៅភូមិឃុំ កើតហេតុខាងលើ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងបក្ខពួកជាច្រើននាក់ទៀត បានផឹកស្រាស្រវឹងរួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ទង់ ទុយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដែលជាសាច់ញាតិម្ចាស់ដើមការ បណ្តាលឲ្យចំក្បាល (ថ្ងាស)បែកហូរឈាម និងឈ្មោះ ហុន រឹទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជាកូនកំលោះ បណ្តាលឲ្យជាំខ្នង រងរបួសស្រាល និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរួមមាន៖ កៅជ័រចំនួន២, តុឈើចំនួន១, ព្រះភូមិចំនួន០១, ក្បាលម៉ៃក្រូហ្វូនចំនួន០១ បែកចាន និងកែវមួយចំនួន ព្រមទាំងបាក់បង្កាន់ដៃជណ្ដើរផ្ទះទៀតផង។
បន្ទាប់ទទួលបានការរាយការណ៍ភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើអន្តរាគមន៍ភ្លាម ពេលដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ក៏បានឃាត់ខ្លួនចំនួនពីរនាក់ខាងលើ ប៉ុន្តែត្រូវបានក្រុមជនសង្ស័យវាយមកលើសមត្ថកិច្ចឈ្មោះហ៊ ម៉េង ឈៀង ចំក្បាលបណ្ដាលឲ្យរងរបួសផងដែរ ៕