ខេត្តបន្ទាយមានជ័យ៖ យុវជនសង្ស័យម្នាក់ មានឈ្មោះ ពិ ពិន អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិត្របែក ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលស្រុកមង្គលបុរីឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដោយជាប់ចោទពីបទប្រើអំពើហហិង្សា និងរំលោភសេពសន្ធវៈបានសម្រេចទៅលើស្ត្រីជាសង្សាររបស់ខ្លួន ។
បើតាមប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបុរីបានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនយុវជនសង្ស័យ ក្រោយពីយុវជនរងគ្រោះម្នាក់ឈ្មោះ ឡម វុទ្ធី អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូប្រាសាទ ស្រុកមង្គលបុរី បានប្តឹងយុវជនសង្ស័យប្រើអំពើហិង្សាមកលើខ្លួន ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន ទី២៨ ខែមករា ឆ្នាំ២០១៧ ខណៈដែលមានការជួបជុំរាំរែកមួយ ដែលមានមនុស្សក្មេងចាស់ចូលរួមសប្បាយរីករាយ និងមានវត្តមានស្ត្រីជាសង្សារឈ្មោះ ឱ.ស. អាយុ១៧ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យផងដែរ ។
ប្រភពព័ត៌មានដដែលបន្តថា ក្រោយពីមានអំពើវាយតប់គ្នារវាងយុវជនរងគ្រោះឈ្មោះ ឡម វុទ្ធី នឹងយុវជនបង្កពិ ពិន រួចហើយពាក់ព័ន្ធនឹងដណ្តើមស្រីស្នេហ៍ នាងមានឈ្មោះ ឱ. ស. ស្រាប់តែឪពុកស្ត្រីឈ្មោះ ឱ.ស. ហៅឈ្មោះ ពិ ពិន ជាជនបង្កមកសាកសួរពាក់ព័ន្ធនឹងរឿងរ៉ាវឈ្លោះដណ្តើមកូនស្រីរបស់គាត់ ស្រាប់តែឈ្មោះ ពិ ពិន បាននិយាយប្រាប់ឪពុកស្ត្រីនោះថា ខ្លួនគេបានធ្លាប់រួមរ័គជាមួយកូនស្រីរបស់គាត់ក្នុងរឿងទំនាក់ទំនងស្នេហាពីមុនមក ។ បន្ទាប់ពីឮបែបនោះហើយ ឪពុកស្ត្រីឈ្មោះ ឱ.ស. ក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចទៅលើយុវជនសង្ស័យឈ្មោះ ពិ ពិន មួយសំណុំរឿងបន្ថែមទៀតពាក់ព័ន្ធនឹងរឿងចាប់រំលោភសេពសន្ធវៈបានសម្រេច ។ យុវជនសង្ស័យ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបាននគរបាលស្រុកមង្គលបុរីចាប់បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកទៅអនុវត្តតាមនីតិវិធី ៕ សំ វិច្ឆិកា