ខេត្តកណ្តាលៈ ស្ត្រីម្នាក់ត្រូវបានរថយន្តម៉ាកឡិចស៊ីសXR300 បើកបោះពួយបុកពេញមួយទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជិវិតយ៉ាងអណោចអធ័ម គ្រាដែលស្ត្រីរងគ្រោះរូបនេះកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ បន្ទាប់ពីមានហេតុការណ៍កើតឡើងរថយន្តបង្កបានបើកគេចបាត់ស្រមោល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សីប្រហែល៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ស្ក មិនចាំស្លាកលេខ ក្រោយពីបើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់បានបើកគេចបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះឈ្មោះ ហេង សេរីរិទ្ធ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AJ-8791 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កម៉ាឡិចស៊ីសRX300 ពណ៌ស្ក មិនចាំស្លាកលេខបើកបរយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង(ពីខេត្តតាកែវឆ្ពោះមកក្រុងតាខ្មៅ) ខណៈបើកដល់ចំណុចកើតហេតុរថយន្តបង្កបានរេចង្កូតមកឆ្វេងដៃឆ្លងផុតគំនូសពុះចែងទ្រូងផ្លូវជ្រុលទៅ បុកម៉ូតូស្ត្រីរងគ្រោះកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល រីឯសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយភាគីរថយន្តបើកចូលចំណែកផ្លូវម៉ូតូជនរងគ្រោះដែលបើកបរច្រាស់់ទិសគ្នា ៕ ស្អាងជ័យ