ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូមិនប្រយត្ន័បាន ជ្រុលទៅបុកគូទរថយន្តម៉ាក ឡិចស៊ីសRX300 មួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ គ្រាដែលរថយន្តបត់ឆ្វេង និងមិនបានឲ្យសញ្ញាភ្លើងស៊ីញ៉ូ ។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង ១១និង៣៥នាទី យប់ថ្ងៃទី២ ខែ កុម្ភ: ឆ្នាំ២០១៧ នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីឃើញឧប្បត្តិហេតនេះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-1553 ធ្វើដំណើរក្នុងទិសដៅពីកើតលិច។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ឡិចស៊ីស RX300មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-9469 បើកបរដោយបុរសជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់ បានបត់ដោយមិនមានឲ្យភ្លើងស៊ីញ៉ូជាសញ្ញាសម្គាល់ ធ្វើឲ្យម៉ូតូបើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់តែម្តងហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
សាក្សីបានឲ្យដឹងទៀតថាក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចជំនាញបានចុះមកដល់ វាស់វែង និងបាននាំយក រថយន្តបង្ក រួមនឹងបុរសជនជាតិចិនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ជាបន្ត ៕ ប្រាថ្នា