ភ្នំពេញ ៖ ស្រ្តីវ័យ២៧ឆ្នាំម្នាក់ បានបាត់ខ្លួនអស់រយៈពេល៤ថ្ងៃមកហើយ គ្មានដំណឹងសូន្យឈឹង ទុកឲ្យប្តីដេកយំ ឱបខ្នើយម្នាក់ឯង សាច់ញាតិឆោឡោ កាន់រូបថតទៅប្តឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីមកធ្វើការងាររោងចក្រ ស្រាប់តែបាត់ខ្លួន មិនដឹងទៅទីណា ។
ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិសែនជ័យ ។
ស្រ្តីបាត់ខ្លួនមានឈ្មោះ ប៊ិន ស្រីតូច អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ បឺរី ផ្លូវទំនប់កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានទីលំនៅ ភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្តីឈ្មោះ ឡុង ឆេង អាយុ២៨ឆ្នាំ មុខរបរ ជាងឈើធ្វើផ្ទះ មានឪពុកឈ្មោះ យិន ប៊ិន អាយុ៦៤ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ យិន រុំ អាយុ៦៣ឆ្នាំ មុខរបរ កសិករ មានកូនចំនួន៨នាក់ ប្រុស២នាក់ ស្រី៦នាក់ ចំណែកស្រ្តីដែលបាត់ខ្លួនជាកូនទី៧ រស់នៅក្នុងភូមិ ឃុំខាងលើ ។
បើតាមប្រភពពីបងប្អូននារីដែលបាត់ខ្លួនបានអោយដឹងថា ជារៀងរាល់ថ្ងៃនាងតែងតែជិះរថយន្តក្រុមហ៊ុនទៅធ្វើការ ទាំងទៅ ទាំងមក ពោលគឺពុំមានជួលផ្ទះស្នាក់នៅទេ ។ លុះរហូតមកដល់ថ្ងៃកើតហេតុ នាងបានជិះរថយន្តចេញពីផ្ទះទៅធ្វើការបាត់ លុះល្ងាចមិនឃើញនាងទៅផ្ទះសោះ ទូរស័ព្ទទៅ ក៏មិនចូលបាត់ដំណឹងសូន្យឈឹង អស់រយះពេល៤ថ្ងៃមកហើយ ទើបបងប្អូនកាន់រួបថតទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសុំការអន្តរាគមន៍ជួយស្វែងរក ៕ សុខាសែនជ័យ