ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បន្តយុទ្ធនាការទ្រង់ទ្រាយធំចុះជួយរុះរើផ្ទះ និងបន្ទប់ជួលដែលពាក់ព័ន្ធនឹងបទល្មើសនាពេលកន្លងមក ជាពិសេសបទល្មើសគ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយពីទទួលបទបញ្ជាពីសម្តេច ក្រឡាហោម ស ខេង បញ្ជាអោយបង្ក្រាប និងបំបែកសបុកគ្រឿងញៀននៅតំបន់នេះ អោយអស់រយះពេល១ខែក្នុងអំឡុងខែកុម្ភៈនេះ ។
ប្រត្តបត្តិការណ៍នេះ ដឹកនាំដោយលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ លោក ហោ វាសនា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌលោក មុត សុវណ្ណ នាយករដ្ឋបាលខណ្ឌ និងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌរួមនឹងកម្លាំងចំរុះជាច្រើននាក់ ។
លោក បុឹល កុសល អភិបាលខណ្ឌបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាារបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស លើកទី១ រយះពេល៦ខែ ដោយឡែកសម្រាប់មូលដ្ឋានខណ្ឌសែនសុខ រាជរដ្ឋាភិបាលបានកំណត់យកតំបន់ភូមិត្រពាំងឈូក ខាងមុខពេទ្យលោកសង្ឃជាចំណុចក្តៅនៃបទល្មើសគ្រឿងញៀន ដោយរយៈពេល១ខែ គឺខែកុម្ភៈ ដើម្បីបោសសំអាតអ្នកជួញដូរចែកចាយ និងអ្នកប្រើប្រាស់អោយអស់ទាំងស្រុង ។
លោក បុឹល កុសល បានបញ្ជាក់ថា ចំនួនបន្ទប់ជួលទាំងអស់មាន១០៩បន្ទប់ ក្នុងនោះ៧៣បន្ទប់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន ត្រូវតែរុះរើជាបន្ទាន់ក្នុង៧៣បន្ទប់នោះមាន៣១បន្ទប់ ដែលប្រជាពលរដ្ឋរុះរើដោយខ្លួនឯង ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៧នេះ គណៈបញ្ជាាការឯកភាពខណ្ឌបានចុះជួយរុះរើបន្ទប់ជួលបានមួយចំនួន ហើយនៅសល់មួយចំនួនទៀត គណៈបញ្ជាាការឯកភាពខណ្ឌ នឹងបង្កើតជាគណៈកម្មការចម្រុះចុះរុះរើទាំងអស់ដោយមិនទទួលខុសត្រូវរាល់ការខូតខាតសម្ភារះឡើយ ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈបញ្ជាាការឯកភាពណ្ឌបានចុះបង្ក្រាប និងឃាត់ខ្លួនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីប្រប្រាស់គ្រឿងញៀននៅតំបន់ភូមិត្រពាំងឈូកនេះ បានចំនួន១៨នាក់ បន្ថែមទៀតយកទៅសាកសួរ និងធ្វើតេស្តិ៍រកសារធាតុញៀននៅអធិការដ្ឋានខណ្ឌសែនសុខ ៕ តុង សីហា