ខេត្តពោធិ៍សាត់៖ អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញលោក សូ សាហុង ដឹកនាំកម្លាំងចំរុះប្រមាណ ៣២នាក់ ចុះទប់ស្កាត់ និងបង្រ្កាបការរុករានទន្រ្ទៀនដីព្រៃសហគមន៍ ក្នុងនោះកម្លាំងបានធ្វើការអប់រំ និងឃាត់ខ្លួនចំនួន ០២នាក់ យកមកធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកផងដែរ។
ប្រតិបត្តិការខាងលើនេះ អនុវត្តន៍ឡើងនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងដីព្រៃសហគមន៍ព្រៃដៃគូរសំរោង ត្រង់ចំណុច(វាល១ និងវាល២) ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ់ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកម្លាំងចំរុះស្រុកភ្នំក្រវាញដឹកនាំដោយលោក អភិបាល នៃគណៈអភិបាលស្រុកខាងលើ កម្លាំងរុករកឃើញការរុករានទន្រ្ទៀនដីព្រៃសហគមន៍ខុសច្បាប់ទាំងកន្លែងមានមនុស្សស្នាកនៅ និងកន្លែងគ្មានមនុស្សស្នាកច្រើនកន្លែង មានផ្ទៃដីច្រើនហិតា ក្នុងនោះកម្លាំងបានធ្វើកិច្ចសន្យាលាយល័កជាអក្សត្រឹមត្រូវបញ្ឈប់ការរុករានទន្រ្ទាន និងធ្វើការអប់រំបានចំនួន ០៣នាក់ និងឃាត់ខ្លួនបានចំនួន ០២នាក់ ដើម្បីយកមកធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ព្រមទាំងរូសរើខ្ទមបានមួយចំនួនផងដែរ។
ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីរុករានទន្រ្ទានដីព្រៃសហគមន៍ខាងលើ ទី១ ឈ្មោះ លី ពៅ ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ និងទី២ ឈ្មោះ មិន ហ៊ល ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រាសាក់ ឃុំចក្រី ក្រុក-ខេត្តបាត់ដំបង។
ដោយលោក ហង់ វណ្ណថន នាយផ្នែករដ្ឋព្រៃឈើក្រវាញស្តីទីបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នេះដែរថា ចំពោះករណីការរុករានទន្រ្ទានដីព្រៃសហគមន៍ព្រៃដៃគូរសំរោង ពីសំណាក់ប្រជាពលរដ្ឋខាងលើ មន្រ្តីជំនាញរបស់លោកកំពុងសហការ និងអនុវត្តន៍យ៉ាងក្តៅគគុក ហើយចំពោះការរុករានទន្រ្ទានខាងលើយើងបានធ្វើកំណត់ហេតុ(កិច្ចសន្យា)បញ្ឈប់បានមួយចំនួនហើយ ហើយជនជាប់ពាក់ព័ន្ធទាំង ០២នាក់ខាងលើនេះ កំពុងបន្តនីតិវិធីនៅឡើយ៕ បឹុម ពិន