ខេត្តស្ទឹងត្រែងៈ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយខ្លួនឯង បើកបរដោយបុរសម្នាក់ បានបើករថយន្តកាមរីក្នុងល្បឿនលឿនដូចហោះ ចុះលើស្ពានសេកុង បានរេចង្កូតទៅបុករះបង្គោល ដែលគេដាំបាំងផ្លូវបាក់ជិត១០បង្គោល ក្រឡាប់ធ្លាក់ផ្លូវ៤ទៅ៥ត្រឡប់ តែសំណាងល្អតៃកុងរថយន្តមិនស្លាប់ ។ ចំណែករថយន្តវិញ រងការខូចខាតស្ទើរតែទំាងស្រុង ស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៧ ជិតប៉ុស្តិ៍សាមគ្គី ជាប់គល់ស្ពានសេកុង ស្ថិតនៅភូមិសង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។
ជំុវិញក្នុងរឿងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនោះដែរ លោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីបានប្រាប់ឲ្យដឹងកាលពីវេលាម៉ោង១៦និង៣២នាទីព្រលប់ ថ្ងៃទី១៥ ខែកុម្ភៈ ថា រថយន្តនេះ បានធ្វើដំណើរបើកបរចេញពីខេត្ត ឆ្លងកាត់ស្ពានសេកុង បានបើកបរដោយបុរសម្នាក់ក្នុងសភាពលឿនដូចហោះ បោះពួយចុះពីលើស្ពានមកដោយផ្លូវ វារលាក់ដូចធ្មេញរណារផងនោះ ធ្វើឲ្យរេចង្កូតកាច់ទាញមកវិញមិនរួច ក៏បណ្តាលឲ្យទៅបុករះបង្គោលថ្មដាក់បាំងផ្លូវ បាក់ចំនួន៩ដើម ចំណែករថយន្តវិញ បានក្រឡាប់ធ្លាក់ផ្លូវចំនួន៤ទៅ៥ត្រឡប់ុ ធ្វើឲ្យរថយន្តរងការខូចខាតក្រពើតដំបូលខ្ទេចខ្ទីស្ទើរតែទំាងស្រុង ។
លោកបានបន្តថា រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2F 2467 ករណីគ្រោះថ្នាក់បង្កដោយខ្លួនឯងនេះ មិនមានរងរបួស ឬគ្រោះថ្នាក់អ្វីនោះទេ ហើយក៏មិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃដែរ ។ លោកបានបញ្ជាក់ថា ក្រោយពេលកើតហេតុ តៃកុងម្នាក់មានការភិតភ័យខ្លាំងពេក ក៏បានរត់គេចខ្លួនបាត់ ទុករថយន្តចោល ។
សូមបញ្ជាក់ថា តៃកុងរថយន្តដែលបើកបរបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គឺបានខ្ចីរថយន្តរបស់គេយកមកបើកនោះទេ។ សមត្ថកិច្ចបានបញ្ជាក់ថា មិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា រស់នៅក្នុងខេត្តស្ទឹងត្រែង ក្រោយមកម្ចាស់រថយន្តខាងលើនោះបានហៅយករថយន្តស្ទូចមកស្ទូចយកទៅធ្វើការជួសជុលនៅឯទីរួមខេត្ត ៕ មាស សុផាត