ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូមុខបន្ទប់ រួចចូលបន្ទប់ទឹកមួយភ្លែត លោកចោរកាច់.កយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទើបមកពីធ្វើការទុកម៉ូតូនៅមុខបន្ទប់ ហើយចូលទៅងូតទឹកមួយភ្លែត ត្រូវបានជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់.កម៉ូតូបានដោយសុវត្ថិភាព ហើយភ្លាមៗនោះ ម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ជួល ជិតហ្គាសរ៉ាសាំង ផ្លូវចូលទៅទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ម៉ូតូឈ្មោះ សៅ យោរី អាយុ៣១ឆ្នាំ មុខរបរជាងឈើ ស្នាក់កន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិព្រៃធ្នុង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រីឯម៉ូតូដែលត្រូវជនសង្ស័យ២នាក់ដែលកាច់យកទៅបាត់នោះ ស៊េរីឌ្រីម សង់២០១១ ស្លាកលេខ ភ្នំពេញ CI9928 ចំណែកជនសង្ស័យ២នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើដំណើរដោយម៉ូតូ១គ្រឿងសម្រាប់ធ្វើសកម្មភាព ។

តាមការរៀបរាប់ពីម្ចាស់ម៉ូតូបានអោយដឹងថា មុនពេលកើតហេតុ រូបខ្លួនបានត្រឡប់មកពីធ្វើការទៅបន្ទប់ ហើយបានចាក់សោកម៉ូតូបញ្ឈរចោលដូចរាល់ដង ព្រោះគិតថា ចូលទៅងូតទឹកមួយភ្លែត នឹងចេញទៅធ្វើការវិញ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១មកឈប់អែបបន្ទប់របស់គាត់ ហើយបានយកដែករឹងមួយមកចាក់ខ្ទោះទ្វារពីខាងក្រៅ ហើយក៏បានធ្វើសកម្មភាពកាច់.កម៉ូតូតែម្តង ។ ភ្លាមគាត់បានឮសូរដែរ ក៏បានស្ទុះចេញពីបន្ទប់ទឹកទៅបើកទ្វារតែបើកមិនរួចបានត្រឹមតែអើតតាមបង្អួចមើលចោរជិះម៉ូតូរបស់ខ្លួនទៅយ៉ាងស្រួល។

យ៉ាងណាមិញក្រោយពីកើតហេតុ សមត្ថិកិច្ចប៉ុស្តិ៍នគរបាលចោមចៅបានត្រឹមទទួលពាក្យបណ្តឹងជនរងគ្រោះតែប៉ុណ្ណោះ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖