ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយលោកអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេរការដ្ឋានខុនដូមួយកន្លែងយីហោ «ផាក់វេ» បានរកឃើញជនជាតិចិនប្រុសស្រីដែលស្នាក់នៅធ្វើការមិនប្រក្រតីចំនួន៤៤នាក់ ហើយឃាត់ខ្លួននាំយកមកនាយកដ្ឋានអន្តោប្រវេសន៍តែចំនួនប្រុស២៤នាក់ស្រី០២នាក់ ដើម្បីចាត់ការតាមច្បាប់ ។
ប្រតិបត្តិការឆែកឆេរនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីតាំងការដ្ឋានសំណង់ខុនដូមួយកន្លែងយីហោ «ផាក់វេ» ស្ថិតនៅផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ប្រភពបន្តថា បន្ទាប់ពីរកឃើញព លករបរទេសចំនួន២៦នាក់ហើយក៏នាំយកទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធីដើម្បីស្រាវជ្រាវបន្តនិងបញ្ជូនទៅប្រទេសកំណើតវិញ ។
មន្ត្រីប៉ូលិសអន្តោប្រវេសន៍បានឱ្យដឹងថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងសកម្មនៅគ្រប់ទីកន្លែង ពិសេសការដ្ឋានសំណង់ធំៗ នៅទីក្រុងភ្នំពេញដើម្បីស្វែងរកជនបរទេសដែលមកស្នាក់នៅ និងធ្វើការមិនស្របច្បាប់នៅកម្ពុជាយើងហើយឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ ៕ អរុណរះ