ព័ត៌មានទាន់ហេតុការណ៍៖

លោកចៅ វាសនា បេក្ខភាពចៅសង្កាត ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិត្រូវតុលាការសម្រេចឃុំខ្លូន

ចែករំលែក៖

ប៉ោយប៉ែតៈ តុលាការខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួនបេក្ខជនចៅសង្កាត់ប៉ោយប៉ែត មកពីគណបក្សប្រឆាំង គឺលោក ចៅ វាសនា ទាក់ទងនឹងសំណុំរឿងកម្មករអូសរទេះធ្វើបាតុកម្មតវ៉ានៅមុខទីស្នាក់ការគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីឆ្នាំ២០១៥។

លោកត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារខេត្ត បន្ទាប់ពីការសាកសួរអស់មួយព្រឹក នៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៧ ។

លោក ចៅ វាសនា ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ សមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋនៅមុខការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។

នេះជាការកោះហៅទៅបំភ្លឺជាលើកទី៣ បើទោះបីជា លោក ចៅ វាសនា អះអាងថា លោកពុំមានពាក់ព័ន្ធនឹងការធ្វើបាតុកម្មតវ៉ាជាមួយក្រុមកម្មករអូសរទេះនោះក៏ដោយ។

បេក្ខជនចៅសង្កាត់រូបនេះ បច្ចុប្បន្នជាចៅសង្កាត់រងទី២ មកពីគណបក្ស សម រង្ស៊ី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាមនុស្សសកម្មមួយរូបទីនោះ។

សំណុំរឿងនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដោយក្រុមកម្មករអូសរទេះប្រមាណ ១៥០នាក់ ធ្វើបាតុកម្មទាមទារឲ្យមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បញ្ឈប់យកពន្ធលើការដឹកទំនិញចេញចូលតាមរទេះខ្ពស់ហួសហេតុ រហូតបង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមកម្មករអូសរទេះ និងកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យខូចរថយន្តរបស់គយ និងរដ្ឋាករក្រុងប៉ោយប៉ែត ចំនួន ៧គ្រឿង ព្រមទាំងកញ្ចក់ របង ទ្វារ បង្អួចនៃទីស្នាក់ការគយ ខូចខាតមួយចំនួនទៀត ដោយសារពួកគេឃើញសមត្ថកិច្ចចាប់តំណាងក្រុមអ្នកតវ៉ាម្នាក់វាយធ្វើទារុណកម្ម ធ្វើឲ្យពួកគាត់ខឹង ក៏ផ្ទុះហិង្សាដាក់គ្នាតែម្ដង។

រហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់ដោះស្រាយបញ្ហានេះបានចប់សព្វគ្រប់នៅឡើយ។ អ្នកជាប់បណ្ដឹងក្នុងសំណុំរឿងនេះកន្លងទៅរួមមាន ក្រុមកម្មករអូសរទេះចំនួន ១៥នាក់ លោក ចៅ វាសនា និងលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។

ចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងប៉ោយប៉ែត ពុំមាននៅក្នុងបណ្ដឹងនោះឡើយ ៕ វណ្ណា

1 2


ចែករំលែក៖