ប៉ោយប៉ែតៈ បុរសម្នាក់អ្នកស្រុកបាននិយាយថា ជាអ្នកញៀនថ្នាំ បានរត់ចូលឲ្យរថយន្តក្រុងដឹកភ្ញៀវពេញបុកបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្តង់ដឹកទំនិញប៉ាស៊ីភិច ឋិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសំដីអ្នកឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា បុរសញៀនថ្នាំខាងលើគេមិនស្គាល់អត្តសញ្ញាណឡើយ ពាក់អាវយីតដៃខ្លី ពណ៌ទឹកប៉ិច ខោខូវប៉យជើងវែង ។
មុនកើតហេតុ គេឃើញបុរសរូបនេះដើរពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ឃើញរថយន្តក្រុងមិនស្គាល់ម៉ាកបើកពីលិចទៅកើត ដឹកភ្ញៀវទេសចណ៍ពេញក្នុងល្បឿនលឿន ក៏រត់ចូលពីមុខរថយន្តទោះពួកគាត់ ខំនាំគ្នាចាប់ក៏ចាប់មិនឈ្នះ តែសំណាងល្អប៉ះចំកាងរថយន្តពីចំហៀងខាងស្ដាំ ធ្វើឲ្យបុរសខាងលើដួលបោកក្បាលទៅ និងផ្លូវជាតិហូរឈាមពេញផ្ទៃមុខខតែម្ដង ។
ចំណែករថយន្តដឹកភ្ញៀវខំគេចពីបុរសញៀនថ្នាំខាងលើនេះ រេចង្កូតពេញផ្លូវតែសំណាងល្អ មិនក្រឡាប់ ហើយក៏បើកទៅបាត់ រីឯបុរសបែកថ្នាំដែលរងរបួសនោះត្រូវសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
នៅកន្លែងកើតហេតុ អ្នកស្រុក ក៏ដូចជាអ្នកម៉ូតូឌុបបានលើកឡើងព្រមៗគ្នាថា សួមឲ្យអ្នកញៀនថ្នាំទាំងអស់មេត្តបញ្ឈប់នៅការសេពគ្រឿងញៀន ព្រោះគ្រឿងញៀនធ្វើឲ្យឆ្កូតមិនដឹងម្ដាយ ឪពុក គុណទោសអ្វីឡើយ ។ គ្រឿងញៀនពេលដែលយើងញៀនខ្លាំងហើយហ៊ានសម្លាប់ឪពុក ម្ដាយប្រពន្ធកូន ដើរលូច ឆក់ប្លន់ប្រព្រឹត្តនៅអំពើពាលាអាវ៉ាសែ ដែលគេហាមឃាត់ ដូច្នេះហើយសួមឲ្យអ្នកទាំងអស់ ដែលជ្រុលខ្លួនទៅនឹងគ្រឿងញៀនទាំងអស់ វិលត្រឡប់មកសាងអំពើល្អ កសាងអនាគត ដើម្បីឲ្យក្លាយខ្លួនជាមនុស្សល្អក្នុងសង្គម ៕ វណ្ណា