ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតបានរងរបួសធ្ងន់ ស្រាល ខណៈពួកគេបានចេញពីផឹកស៊ីក្លិបហើយបានជិះម៉ូតូក្នុងល្បឿនលឿន ដួលបោកផ្ទប់នឹងរនាំងថ្ម ពុះចែកទ្រូងផ្លូវក្នុងបំណងជួនមិត្តភក្កិទៅផ្ទះវិញ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៧ ត្រង់ចំណុចមុខផ្សារទឹកថ្លា ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
បើតាមការប្រាប់ទាំងវង្វេងវង្វាន់ពីមិត្តភក្ដិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលជាសពមានឈ្មោះ វិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី២ មានឈ្មោះ នី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៣ មានឈ្មោះ អេង តាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅម្ដំអាងទឹក សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។
សាក្សីបានបន្តថា មុនពេលកើតហេតុ រូបគាត់ទាំងបីនាក់ទើបតែចេញពីផឹកស៊ីក្នុងក្លឹប អាវ៉ាឡូន ហើយជនរងគ្រោះបានជូនមិត្តរបស់គេ ដែលអង្គុយពីក្រោយនោះត្រឡប់ទៅផ្ទះវិញ នៅម្ដុំអាងទឹក ខណៈពួកគេកំពុងតែជិះម៉ូតូមួយគ្រឿងម៉ាក ស៊ីរុស ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF 8162 បើកតាមផ្លូវខាងលើក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ដោយសារតែម្ចាស់ម៉ូតូស្រវឹងជ្រុល ទើបបានជារេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដែលនៅនឹងខាងឆ្វេងដៃ បណ្ដាលអោយអ្នកបើកបរម៉ូតូហោះទៅបោកក្បាលផ្ទប់នឹងរបាំងថ្មទ្រូងផ្លូវបែកឈាមស្លាប់នៅ និងកន្លែងកើតហេតុចំនែកឯអ្នកជិះកណ្ដាលវិញរងរបួសធ្ងន់ធ្ងរហើយអ្នកជិះក្រោយគេមិនមានរងរបួសអ្វីនោះទេ ។
ភ្លាមៗនោះជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចជួយទាក់ទងទៅកាន់រថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះយកទៅសង្គ្រោះ ។
ក្រោយពេលកើតហេតុ សពខាងលើត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅឋាន៕ តុង សីហា