ខេត្តកណ្តាលៈ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបុរសទាំង៣នាក់នេះ ជិះម៉ូតូឌុបគ្នាព្យាយាមឡើងជែងរថយន្តកុងតឺន័រនៅលើស្ពានអ្នកលឿង បណ្តាលឲ្យជ្រុលចង្កូតទៅបុករថយន្តបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង៣៥នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានអ្នកលឿង (ត្សឺបាសា) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ទឹម រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខព្រៃវែង1F-2220 និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់នោះ ទី១-ឈ្មោះ ឃិត ឃឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ទី២-ឈ្មោះ សុខ ណេន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ ចំណែកឯរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-4433 បើកបរដោយជនមិនស្គាលអត្តសញ្ញា ក្រោយពីកើតហេតុបានគេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឡើងស្ពានអ្នកលឿង ពីត្រើយខាងកើតឆ្ពោះទៅត្រើយខាងលិច ខណៈបើកដល់ពាក់កណ្តាលស្ពានអ្នកបើកបរម៉ូតូ បានបន្ថែមល្បឿនព្យាយាមឡើងជែងរថយន្តកុងតឺន័រក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្តាលឲ្យជ្រុលចង្កូតទៅបុកគ្នាជាមួយរថយន្តឡង់គ្រីស័របើកបរច្រាស់ទិសគ្នាពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរ២នាក់រងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ រីឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿងចាត់ការតមច្បាប់ ៕ ស្អាងជ័យ