ខេត្តកំពង់ធំ៖ ពាក្យបណ្តឹងរបស់នាយ, នាយរង និងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្នើរកកិច្ចអន្តរាគមន៍ពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីស្នងការនគរបាលខេត្តនេះ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយ ។ ពាក្យបណ្តឹងដែលមានស្នាមមេដៃនាយ, នាយរង និងមន្ត្រីនគរបាលផង ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ជូ សំអាង ស្នងការនគរបាលខេត្តកំពង់ធំ និងបក្ខពួកប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ មិនអាចអត់ឱនឲ្យបាន ។
ពួកគេបានសរសេរថា លោក ជូ សំអាន ស្នងការនគរបាល និងលោកវរៈសេនីយ៍ឯក អ៊ិត គឹមស្រ៊ន ស្នងការរងទទួលផែនធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឃុបឃិតគ្នា ដឹកនាំបង្កឲ្យមានភាពខុសឆ្គងធ្ងន់ធ្ងរមិនអាចលើកលែងឲ្យបានដូចជា៖ លោកស្នងការមានជំហរមិនច្បាស់លាស់ក្នុងការដឹកនាំបញ្ជា និងដឹកនាំអង្គភាពបង្កឲ្យមានបក្ខពួក និងអំពើពុករលួយ, មិនមានជំនាញច្បាស់លាស់ក្នុងការទទួលខុសត្រូវលើសកម្មភាពប្រតិបត្តិរបស់កងកម្លាំងក្នុងការអនុវត្តបទបញ្ជា មានការភ័យខ្លាចក្នុងការទទួលខុសត្រូវ ។
ពួកគេបានបន្តថា ការដឹកនាំមានភាពអត្តនោម័ត មិនមានការប្រជុំត្រឹមត្រូវពីគណៈស្នងការ ហើយធ្វើអ្វីស្រេចតែអំពើចិត្ត ។ ជាពិសេសសការដឹកនាំមានការឃុបឃិតជាមួយលោកវរៈសេនីយ៍ឯក អ៊ិត គឹមស្រ៊ន ក្នុងការវាយតម្លៃបុគ្គលិកលក្ខណៈមន្ត្រីក្រោមឱវាទសម្រាប់ការតែងតាំង, ផ្ទេរភារកិច្ច ការដាក់ពិន័យជាដើម ។ ក្រៅពីនេះ មានការតែងតាំងបក្ខពួកសម្រាប់តំណែងល្អៗ ហើយក៏មានការទារប្រាក់ពីកងកម្លាំង ។ ឧទាហរណ៍៖
១ លោកអនុសេនីយ៍ឯក ហួន គុយអាន នាយប៉ុស្តិ៍សូយោង មានបញ្ហាជាច្រើន ត្រូវបានស្នើតែងតាំងជាអធិការរងស្រុកបារាយណ៍ ។
២ លោកអនុសេនីយ៍ឯក ប្រាក់ ផាណូ នាយប៉ុស្តិ៍បាក់ស្នា ដែលធ្លាប់បាញ់បោះសេរី, មានទំនាស់ជាមួយមន្ត្រីក្រោមឱវាទ, គាបសង្កត់ប្រជាពលរដ្ឋ, ត្រូវបានផ្ទេរមកនៅប៉ុស្តិ៍រដ្ឋបាលក្រវារ មិនទាន់បានប៉ុន្មានផង ត្រូវប្រជាពលរដ្ឋផ្តិតមេដៃប្តឹង ខណៈនេះ ត្រូវបានលោក ជូ សំអាន តែងតាំងជាមេប៉ុស្តិ៍សូយោង ជំនួសលោក ហួង គុយអាន ទៀត ។
៣ លោកស្នងការ, លោកវរៈសេនីយ៍ឯក អ៊ិត គឹមស្រ៊ន, លោកវរៈសេនីយ៍ឯក ខៀវ ចាន់នី ស្នងការរងទទួលការងារសន្តិសុខបានឃុបឃិតគ្នាយកលុយពីការតែងតាំង និងរើសបញ្ចូលក្របខ័ណ្ឌមន្ត្រីនគរបាលថ្មី ដោយយកប្រាក់ចាប់ពី៥ពាន់ទៅ៧ពាន់ដុល្លារអាមេរិក ។ អ្នកខ្លះធ្លាក់មិនទាំងឲ្យលុយគេវិញផង ។
បើនិយាយពីការតែងតាំងមន្ត្រីយកលុយវិញនោះគឺមានការកំណត់ដូចជា ថ្នាក់អធិការរងតម្លៃ៣ពាន់ដុល្លារ, នាយប៉ុស្តិ៍២ទៅ៣ពាន់ដុល្លារ, នាយផ្នែក៥០០ទៅ១ពាន់ដុល្លារ, នាយរងផ្នែក នាយរងប៉ុស្តិ៍៥០០ទៅ១ពាន់ដុល្លារ ។ ជាពិសេសថ្មីៗនេះ លោកស្នងការបានកាត់លុយពីមន្ត្រីនគរបាលក្នុងទូទាំងខេត្តកំពង់ធំម្នាក់ៗ៨ម៉ឺនរៀល សម្រាប់ពិធីជប់លៀងនៅពេលប្រកាសអធិការនគរបាលស្រុកបារាយណ៍ ។
ចំពោះការតែងតាំងដែលលេចធ្លាយអំពើពុករលួយជាថ្នូរនឹងលុយកាក់មានដូចជា៖
១ ម៉ម រៀម ពីនាយផ្នែកទៅ អធិការរង ៣០០ដុល្លារ ។
២ ហួន គុយអាន ពីនាយប៉ុស្តិ៍ទៅជាអធិការរងទទួលបន្ទុកអន្តោប្រវេសន៍ ។
៣ ងឹន ងីម ពីនាយប៉ុស្តិ៍ស្តីទីអណ្តូងពោធិ៍ ទៅជានាយប៉ុស្តិ៍បារាយណ៍ ។
៤ គុយ ចាន់ថន នាយរងប៉ុស្តិ៍ចើងដើង ទៅជានាយប៉ុស្តិ៍តម្លៃ១៥០០ដុល្លារ ។
៥ ស៊ូ ខឿន មន្ត្រីប៉ុស្តិ៍ត្នោតជុំ ទៅជានាយរងប៉ុស្តិ៍ចើងដើង៥០០ដុល្លារ ។
៦ ហូ សារ៉ាន់ ផ្ទេរពីនាយប៉ុស្តិ៍ត្នោតជុំទៅជានាយប៉ុស្តិ៍បាក់ស្នា ១៥០០ដុល្លារ ។
៧ ប្រាក់ ផាណូ ផ្ទេរពីនាយប៉ុស្តិ៍ក្រវា ទៅជានាយប៉ុស្តិ៍សូយោង ២០០ដុល្លារ ។
៨ មន ចាន់ថេង ពីនាយរងផ្នែកទៅជានាយផ្នែក៥០០ដុល្លារ ។
៩ ម៉ែន ក្លូ ពីមន្ត្រីទៅជានាយរងផ្នែក៥០០ដុល្លារ ។
១០ ដាំ វៃ មន្ត្រីប៉ុស្តិ៍បឹង ទៅជានាយរងប៉ុស្តិ៍បឹង ១ពាន់ដុល្លារ ។
១១ សារឿន មន្ត្រីប៉ុស្តិ៍ឈូកខ្សាច់(យាមធនាគារ) ទៅជានាយរងប៉ុស្តិ៍ឈូកខ្សាច់១ពាន់ដុល្លារ ។
១២ កែវ ពន្លក នាយរងផ្នែកចរាចរណ៍ទៅជានាយរងផ្នែកអន្តោប្រវេសន៍ជំនួស ឈឿន ប៊ុនថន ៥០០ដុល្លារ ។
នៅក្នុងលិខិតនោះបានបន្ថែមថា នៅមានចំណុចអសកម្ម និងអំពើពុករលួយជាច្រើនទៀត ដែលលោកជូ សំអាន និងបក្ខពួកបានប្រព្រឹត្តកន្លងមក ។
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ភ្នាក់ងារការសែតនគរវត្តបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅលោក ជូ សំអាន ៣ដង ប៉ុន្តែលោកមិនព្រមលើកទូរស័ព្ទ ៕ ប៊ុន រិទ្ធី