ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសមេខ្លោងគ្រឿងញៀន ថាវ ថាវី ដាក់ពន្ធនាគារ២០ឆ្នាំ និង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម ។
កន្លងទៅ មេខ្លោងគ្រឿងញៀន ថាវ ថាវី ធ្លាប់ត្រូវបានលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យដោះលែង រួចត្រូវបានចាប់មកវិញ តែក្រោយមកទៀត ត្រូវតុលាការផ្តន្ទាទោសតម្រឹមដោះលែងវិញដដែល ។
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក កោ វណ្ឌី នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្ត្រ និង ឈ្មោះ យ៉ាំង លាង ដាក់ពន្ធនាគារក្នុងម្នាក់ៗ២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន៤០លានរៀល ។ ក្នុងនោះលោកចៅក្រម កោ វណ្ឌី ក៏បានផ្តន្ទាទោសឈ្មោះ ថាវ ថាវី ដាក់ពន្ធនាគារ២០ឆ្នាំនិងពិន័យជាប្រាក់៤០លានរៀលផងដែរ ហើយបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ថាវ ថាវី យកមកអនុវត្តទោសតាមច្បាប់ ៕ ចេស្តា