ភ្នំពេញ ៖ ដោយសារតែឈឺចិត្តនឹងប្តីមានស្រីថ្មីហើយចុះចោលបាត់ជាង១ខែមិន គិតប្រពន្ធកូននោះស្រ្តីម្នាក់បានដាច់ចិត្តរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅកាលពី
វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីឲ្យជួយរកយុត្តិធម៌ ជូនគាត់ ។
ស្រ្តីខាងលើឈ្មោះ យឹម ចាន់ធី អាយុ ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់ នៅផ្ទះជួលក្នុងបុរីសែនសុខ ភូមិត្រពាំង ក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍ សែនជ័យ។ ចំណែកប្តីកំហូចចុះចោល ប្រពន្ធទៅមានស្រីថ្មីឈ្មោះ មាឃ សុខុម អាយុ៤០ឆ្នាំ មុខរបរមេការសំណង់ជាងកែ ច្នៃដែក មានស្រុកកំណើតនៅភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម ។ គ្រួសារនេះមានកូនប្រុសចំនួន២ នាក់ក្នុងបន្ទុកអស់រយៈពេលច្រើនឆ្នាំមក ហើយៗមានទាំងសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវទៀតផង ។
ស្រ្តីជាប្រពន្ធបានរៀបរាប់ប្រាប់មន្រី្ត នគរបាលប៉ុស្តិ៍ចោមចៅទាំងរលីងរលោង ទឹកភ្នែកថា មួយរយៈចុងក្រោយនេះផ្ទៃក្នុងគ្រួសាររបស់គាត់រស់នៅមិនចុះសម្រុងគ្នាទេហើយការរកស៊ីចេះតែខាតបាត់ចុងបាត់ដើមដោយសារតែប្តីមានស្រីថ្មីលែងរវល់ជាមួយប្រពន្ធកូន។ ទីបំផុតរូបគាត់ដែលធ្លាប់តែរស់ស្រួលបែរជាធ្លាក់ខ្លួនចូលបម្រើការងាររោងចក្រ ឯប្តីចុះចោលបាត់កាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ គឺអស់រយៈ ពេលជាង១ខែមកហើយ ។
ស្រ្តីរូបនេះរៀបរាប់បន្តទៀតថា ក្រោយ ពីប្តីចុះចោលគាត់ហើយប្តីទៅរស់នៅជា មួយស្រីថ្មី ហើយនាំគ្នាបើកផ្ទះសំណាក់ សម្ងំដេកសោយសុខភ្លេចគ្រាកម្សត់ទុកឲ្យគាត់ដេករងទុក្ខជាមួយកូនពីរនាក់និងដោយ អស់ជម្រើសទើបនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៧គាត់បានទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅក្នុងគោលបំណងសុំឲ្យហៅប្តីមកលែងលះគ្នាឲ្យដាច់ស្រឡះកុំឲ្យគាត់នៅសោកសៅទៀត ។
ដោយសាររឿងលែងលះជាបន្ទុករបស់អាជ្ញាធរសង្កាត់ដោះស្រាយទើបនគរបាលប៉ុស្តិ៍ចោមចៅជម្រាបឲ្យស្រ្តីរូបនេះទៅ ពិគ្រោះយោបល់ជាមួយមន្ត្រីសាលាសង្កាត់ ត្រពាំងក្រសាំងវិញព្រោះគាត់រស់នៅក្នុងសង្កាត់នេះ ឬទៅដោះស្រាយជាមួយអាជ្ញា ធរមូលដ្ឋានឯស្រុកកំណើតវិញ ព្រោះគាត់រៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍នៅទីនោះ ៕ ប្រាថ្នា