ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីមានផ្ទៃពោះ២ខែត្រូវបុរស២នាក់ចាប់ដាក់រថយន្តមកឡើងឋានសួគ៌ជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏ចំឡែក ដោយស្ត្រីមានផ្ទៃពោះ២ខែម្នាក់ បានប្តឹងសមត្ថកិច្ចថា ខ្លួនត្រូវបុរស២នាក់ ចាប់បង្អកស្រា រួចចាប់ដាក់លើរថយន្តសេរីទំនើប ដឹកចេញពីហាងផឹកស៊ីព្រែកលៀប រាជធានីភ្នំពេញ មកឡើងឋានសួគ៌នៅខេត្តស្វាយរៀង សំណាងអាក្រក់ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅលើកាំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។

បើតាមស្រ្តីរងគ្រោះឈ្មោះ សេង ស្រីម៉ៅ អាយុ២៤ឆ្នាំ បម្រើការនៅក្នុងហាងព្រែកលៀប រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្រាំងលាវ ឃុំបាទី ខេត្តតាកែវ បានឲ្យដឹងថា មុនកើតហេតុ នាងធ្វើការនៅក្នុងហាងផឹកស៊ី មួយនៅព្រែកលៀប រាជធានីភ្នំពេញ លុះម៉ោងប្រមាណជា៨យប់ ថ្ងៃទី២ ខែមីនា មានបុរស២នាក់ចូលទៅផឹកស៊ីនៅក្នុងហាងនាងធ្វើការ ពេលនោះនាងបានស្គាល់បុរសម្នាក់ជាម៉ូយធ្លាប់ចូលផឹកស៊ី គឺមានឈ្មោះសុខ រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មានផ្ទះនៅទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បាននាំបុរសម្នាក់ទៀត មិនដែលស្គាល់ចូលផឹកស៊ីជាមួយ ហើយបានឲ្យនាងផឹកស្រាប៊ៀរ មួយកែវ បន្ទាប់មក ចាប់នាងបង្អកស្រា ក៏ស្រាប់តែទន់ដៃទន់ជើង ហើយឮបុរសម្នាក់នោះបបួលនាងថា តោះចេញទៅក្រៅទៅលេងផ្ទះ ខ្ញុំនាងបានប្រកែកថា នាងមិនអាចទៅបានទេ ជាប់ធ្វើការថៅកែរករឿង តែជននោះបានក្រៀកនាងចេញយកមកដាក់ក្នុងរថយន្ត ក្រោយមកនាងលែងដឹងខ្លួនទាំងអស់ ពេលដឹងខ្លួនគឺនៅក្នុងមន្ទីរពេទ្យ ពេលសួរគ្រូពេទ្យៗប្រាប់ថា នៅមន្ទីរពេទ្យខេត្តស្វាយរៀង ក៏ឲ្យគ្រូពេទ្យទូរសព្ទហៅប្តីឲ្យមកជួយមើលថែ។ រីឯបុរសជាប្តីឈ្មោះ សំ វណ្ណី អាយុ៣៣ឆ្នាំ មុខរបរជាចុងភៅ រស់នៅផ្ទះជួល សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ បានប្រាប់ថា គាត់និងប្រពន្ធបានរៀបការជាង៦ឆ្នាំមកហើយ មានកូនម្នាក់ និងប្រពន្ធទើបតែមានផ្ទៃពោះ២ខែទៀត នៅក្នុងផ្ទៃ ។ គាត់ធ្វើការជាចុងភៅ ពេលយប់ ប្រពន្ធធ្វើការពេលថ្ងៃរសៀលដល់ម៉ោង១២យប់ នៅហាងក្បែរគ្នា។

ប្រភពបន្តថា ប្រពន្ធគាត់មិនដែលស្គាល់ខេត្តស្វាយរៀងទេ មិននឹកស្មានថា មានគេចាប់ពង្រាត់ប្រពន្ធរបស់គាត់មកពីភ្នំពេញរហូតមកគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងដូច្នេះឡើយទើបប្រពន្ធឲ្យរូបគេជាប្តីដាក់ពាក្យបណ្តឹងបុរសទាំង២នាក់ ពីបទចាប់ពង្រាត់ និងសង្ស័យថាប៉ុនប៉ងរំលោភ ។ បន្ទាប់ពីរដាក់ពាក្យបណ្តឹង សមត្ថកិច្ចនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការដ្ឋាននគបាលខេត្តបានចាត់ការតាមពាក្យបណ្តឹងហើយល្ងាចថ្ងៃទី៣ ខែមីនា។ ចំណែករថយន្តត្រូវសមត្ថកិច្ចយករថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន

 

srvr (2) srvr (3) srvr (1)

 


ចែករំលែក៖