ខេត្តព្រះសីហនុៈ ការឃុបឃិតរំលោភយកដីប្រជាពលរដ្ឋដោយប្រើគ្រឿងចក្រកាយដីយកមកឈូសឆាយលុបតំបន់ដីព្រៃលិចទឹកដែលរដ្ឋបានហាមឃាត់ជាច្រើនលើកច្រើនសាមានទាំងសម្រេចលុបបណ្ណកម្មសិទ្ធិដីធ្លីចំនួន៧បណ្ណ ស្មើនឹងទំហំ៤៨ហិកតាក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះ សីហនុដែលគេដឹងថា ជាកម្មសិទ្ធិរបស់ លោកឧកញ៉ា ហាន់ ឃៀង។ ក្រោយពិនិត្យ ឃើញបណ្ណកម្មសិទ្ធិទាំងនោះមិនប្រក្រតី ជាបណ្ណដែលកើតឡើងពីការឃុបឃិតគ្នា លក្ខណៈជាប្រព័ន្ធរំលោភបំពានយ៉ាងកំរោល មកលើដីព្រៃលិចទឹកទាំងនោះ ។
ចំណុចទាំងនេះក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹងផងដែរពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់តែម្តង។ ប៉ុន្តែអ្វីដែល គួរឲ្យចាប់អារម្មណ៍បំផុតទៀតនោះគឺសកម្ម ភាពថ្មី (រំលោភលើដីចាស់)នៃការកាប់ បំផ្លាញ និងការចាក់ដីលុបព្រៃលិចទឹកនៅតែបន្តកើតមានយ៉ាងកំរោលថែមទៀតនៅក្នុងតំបន់ខាងលើនេះដដែលៗ ដោយក្រុមចាក់ដីលុបព្រៃលិចទឹកទាំងនោះបង្វែរសាច់រឿងវិញថា ពួកគេមានច្បាប់ត្រឹមត្រូវក្នុងការសាងសង់ផ្លូវពីផ្លូវជាតិលេខ៣ទៅកាន់ មាត់សមុទ្រ ។
បុរសដែលអះអាងថា ខ្លួនជាមេការមើល ការខុសត្រូវនៅចំណុចការដ្ឋានចាក់ដីលុបព្រៃលិចទឹកខាងលើបាននិយាយធ្វើព្រងើយ ទៅកាន់អ្នកយកព័ត៌មានថា «ការចាក់ដីលើ ព្រៃលិចទឹកនេះក្រុមហ៊ុនមានច្បាប់អនុញ្ញាត ត្រឹមត្រូវពីរាជរដ្ឋាភិបាលក្នុងគោលដៅសាង សង់ផ្លូវចម្ងាយប្រវែង៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៣ទៅកាន់មាត់សមុទ្រ»។ បើចង់ដឹង ច្បាប់អនុញ្ញាតនោះសូមអស់លោកអ្នកសារ ព័ត៌មានឯងទៅរកមើលដោយខ្លូនឯងចុះ មុននឹងមកដល់ទីនេះ ពីព្រោះឯកសារពាក់ ព័ន្ធក្រុមហ៊ុនបានដាក់ចូលទៅអាជ្ញាធរខេត្ត អាជ្ញាធរស្រុក និងអង្គភាពមន្ទីរពាក់ព័ន្ធ អស់ទៅហើយមុននឹងចាប់ចាក់ដីធ្វើផ្លូវ។
លោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ក្រុមហ៊ុនចាក់ដីលុបព្រៃលិច ទឹកខាងលើជាក្រុមហ៊ុន «H.K.T»មាន ច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការអភិវឌ្ឍធ្វើរោងចក្រចម្រាញ់ប្រេង ហើយការចាក់ដី បែបនេះកន្លងមកបានធ្វើម្តងរួចមកហើយ និងក្រោយមកក៏បានផ្អាកអស់មួយរយៈ ដោយមិនដឹងថា ក្រុមហ៊ុនមានមូលហេតុ អ្វីនោះទេ។ ទើបតែពេលនេះចាប់ផ្តើមចាក់ បន្តប៉ុន្តែការចាក់ដីលើនេះលោកមិនបាន ដឹងនោះឡើយ។
ចំណែកលោក នេន ចំរើន នាយខណ្ឌ រដ្ឋបាលជលផលព្រះសីហនុបានបញ្ជាក់ថា ដីចំណុចខាងលើនេះជាតំបន់ព្រៃលិចទឹក ហើយពាក់ព័ន្ធនឹងច្បាប់អនុញ្ញាតយ៉ាងណា នោះលោកមិនទាន់ឃើញនោះទេរហូតមកដល់ពេលនេះ។ លោក នេន ចំរើន បន្ត បានថា បើក្រុមហ៊ុនមានច្បាប់ត្រឹមតែគោល ការណ៍អនុញ្ញាតច្បាប់របស់រាជរដ្ឋាភិបាល គឺក្រុមហ៊ុនមិនអាចយកគោលការណ៍អនុញ្ញាតនោះមកធ្វើសកម្មភាពបាននោះទេ។ ដោយគោលការណ៍នេះតម្រូវឲ្យក្រុមហ៊ុនសហការជាមួយមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធដូចជាមន្ទីរបរិសា្ថនមន្ត្រីជំនាញ ជល់ផលអាជ្ញាធរខេត្ត ស្រុក សិក្សាពីផល ប៉ះពាល់ជាមុនសិនទើបអាចធ្វើសកម្មភាពបានយ៉ាងនេះបាន។ ប៉ុន្តែក្រុមហ៊ុនមួយនេះ សង្ស័យថាបានតែគោលការណ៍ច្បាប់អនុញ្ញាត ក៏ចាប់ផ្តើធ្វើសកម្មភាពតែម្តងនេះជាបញ្ហាមួយដែលមិនគួរកើតមាននោះទេ ។
សូមបញ្ជាក់ថា តំបន់ដីព្រៃលិចទឹកនៅក្នុងស្រុកព្រៃនប់រាប់ពានហិកតាបច្ចុប្បន្នត្រូវបានគេឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធ ចាប់ពីមន្ត្រីថ្នាក់មូលដ្ឋាន មន្ត្រីជំនាញ អាជ្ញា ធរស្រុករហូតដល់អាជ្ញាធរខេត្តបានចេញបណ្ណកម្មសិទ្ធិរំលោភយកអស់ទៅហើយ។
ប្រជាពលរដ្ឋខេត្តព្រះសីហនុបាន សំណូមពរដល់រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យឡើងវិញដើម្បីដកហូតយកដីព្រៃលិចទឹកទាំងនោះមករក្សាទុកជាសម្បត្តិ រដ្ឋ។ តែបើមិនអ៊ីចឹងទេប្រជាពលរដ្ឋដែល ពឹងផ្អែកទៅលើតំបន់ព្រៃលិចទឹកនេះច្បាស់ ជារលាយហើយ៕ ហេង សូរិយា