ព័ត៌មានទាន់ហេតុការណ៍៖

ភ្លេីងឆេះបន្ទប់ខារ៉ាអូខេផ្អើលនារីរត់ជាន់ជើងគ្នានៅស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរ និងនារីៗបម្រើការងាររត់ជាន់គ្នាទាំងប្រលឹងចុងសក់ ខណៈដែលអគ្គីភ័យឆេះហាងការ៉ាអូខេ កាលពីវេលាម៉ោង៥និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ខារ៉ាអូខេលេខ៤៤៤ ក្នុងហាងខារ៉ាអូខេយីហោ ផលផារិន ដែលស្ថិតក្នុងភូមិគោកក្តោល ឃុំគ្រោលគោ ស្រុកស្វាយជ្រំ សង្ស័យភ្ញៀវចោលកន្ទុយបារី ។

យោងតាមនារីបម្រើខារ៉ាអូខេក្នុងហាងខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវ៤ទៅ៥នាក់ បានចូលទៅច្រៀងក្នុងបន្ទប់លេខ៤៤៤នោះ ហើយក្រោយពីច្រៀងចប់ ចេញមកគិតលុយចេញអស់បានមួយសន្ទុះ ស្រាប់តែមានភ្លើងឆាបឆេះចេញពីក្រោមសាឡុងក្នុងបន្ទប់ ធ្វើឲ្យមានផ្សែងនិងអណ្តាតភ្លើងយ៉ាងខ្លាំង បង្កជាការភ្ញាក់ផ្អើលពេញហាង ។ ភ្លាមៗនោះ ម្ចាស់ហាងបានទូរសព្ទហៅឡានទឹកពីស្នងការខេត្តមកជួយពន្លត់ ចំណែកមនុស្សនៅក្នុងហាងម្នាក់ៗបានរត់រកទឹក និងយកបំពង់ផ្សែងពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់៣បំពង់ និងអ្នកខ្លះទៀតបាននាំគ្នាអូសយកសាឡុងដែលភ្លើងឆេះចេញមកក្រៅពន្លត់រហូតរលត់អស់ ទើបឡានទឹកទៅដល់ ។

ហេតុការណ៍នេះត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីភ្ញៀងដែលចូលច្រៀងខារ៉ាអូខេនោះជក់បារី រួចបោះកន្ទុយបារីចូលក្រោមសាឡុងនោះ ហើយគ្មានអ្នកណាដឹង ទើបធ្វើឲ្យរងើកភ្លើងឆាបឆេះទៅជាអគ្គីភ័យបែបនេះ តែសំណាងហើយដែលហាងនេះមានបំពង់ពន្លត់អគ្គីភ័យ និងបានបាញ់ពន្លត់ឲ្យរលត់ទាន់ពេលវេលា កុំអីអាសន្នធំហើយ។

ហេតុការណ៍នេះ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ត្រឹមតែធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្នុងហាងប៉ុណ្ណោះ។

អ្នកឃើញហេតុការណ៍នាំគ្នាលាន់មាត់ថា នេះសំណាងហើយដែលភ្លើងមិនរាលដាលដល់ស្ថានីយសាំងនៅខាងមុខ កុំអីមិនដឹងទៅជាយ៉ាងណានោះទេ ៕ យឹម សុថាន

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖