ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីធុនធំបើកលឿនដូចហោះមិនគោរពច្បាប់ ដល់ភ្លើងស្ទុបមិនឈប់ជ្រុលទៅបុករថយន្កកុងតឺន័រ

ចែករំលែក៖

 

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តដឹកដីធុនធំ បើកបរមិនគោរពច្បាប់ចរាចរណ៍ ប្រញ៉ាប់យកដីទៅចាក់លុបបឹងតាម៉ាត បើកលឿនពេក ខណៈជិតដល់ភ្លើងស្តុបមិនបន្ថយល្បឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង ដែលបត់ធ្លងផ្លូវពេញទំហឹង ចំពាក់កណ្ដាលរថយន្តរងកាខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៩ ខែ មីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចទទួលផ្នែកចរាចរណ៍បានអោយដឹងថា តៃកុងដែលបើករថយន្តដឹកដីបង្កហេតុ មានឈ្មោះ យ៉ង គៀ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅការដ្ឋានដឹកដីនៅភូមិកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានស្រុកកំណើតនៅភូមិអូរស្វាយ ឃុំកក់ស្រុកបរសែត ខេត្តកំពង់ស្ពឺ។ ចំណែកតៃកុងរថយន្តរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះទេ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ៣B៧៧២០ បើកបរទិសដៅពីជើងទៅត្បូង ខណៈ មកដល់ភ្លើងស្តុបចំការដូង បានបត់ធ្វេងឆ្លងផ្លូវបេតុងសាលាកសិកម្មចំការដូង ស្របពេលនោះ ក៏មានរថយន្តដឹកដីមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A:០៣៨៧ បើកបរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចភ្លើងស្តុប ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តកុតឺន័រចំពាក់កណ្តាលពេញទំហឹងបណ្តាយឲ្យរថយន្តដឹកដី ដែលបង្កនោះ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយភ្លាមៗ តៃកុងរថយន្តទាំង២បានបើកទ្វាររត់គេចខ្លួន តែដោយសារមានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានដេញចាប់បានតៃកុងរថយន្តដី ប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកតៃកុងរថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសម្ថតកិច្ចមូដ្ឋានបានវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងយកតៃកុងរថយន្តដឹកដីទៅសាកសួរ និងរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

គួររំលឹកផងដែរថា ករណីរថយន្តដឹកដីធំៗខាងលើនេះ មិនមែនជាលើកទី១នោះទេ ដែលបង្កគ្រោះនៅតាមដងផ្លូវសាធារណ: ក្នុងរាជធានី គឺវាជារឿងកើតឡើងជាញឹកញាប់ ហេតុផលគឺដោយសារតែក្រុមតៃកុងរថយន្តទាំងនោះបើកលឿនមិនប្រុងប្រយ័ត្ន មិនមានការយោគយល់ និងមិនគោរពច្បាប់ចរាចរណ៍ ។ លុះពេលដែលមានគ្រោះថ្នាក់កើតឡើងហើយ អាងរត់គេចខ្លួន និងអាងខ្នង អាងខ្សែអ្នកធំ ។ ប្រជាពលរដ្ឋលើកឡើងថា គួរតែដាក់ពិន័យចំពោះអ្នកបើកបរព្រហើនទាំងនោះឲ្យបានធ្ងន់បន្តិច ដើម្បីរាងចាលទៅថ្ងៃមុខ បង្កគ្រោះថ្នាក់ជាយថាហេតុទៀត ៕ ភារ៉ា ដង្កោ

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed


ចែករំលែក៖